(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម ហ្គែប្រេយេសឹស (Tedros Adhanom Ghebreyesus) នៅថ្ងៃចន្ទនេះបាននិយាយថា ប្រទេសនានាជាពិសេសប្រទេសអ្នកមានៗ គួរតែចុះឈ្មោះចូលរួមក្នុងកម្មវិធី COVAX របស់ខ្លួននៅត្រឹមថ្ងៃសុក្រទី១៨ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដែលជាថ្ងៃផុតកំណត់ ដើម្បីធានាសមភាពនៃការទទួលបានវ៉ាក់សាំង COVID-19 ដែលប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ ប្រទេសដែលមានប្រាក់ចំណូលទាបចំនួន ៩២ប្រទេស កំពុងស្វែងរកជំនួយតាមរយៈកម្មវិធី COVAX ដែលជាផ្នែកមួយនៃ ACT របស់អង្គការសុខភាពពិភពលោក ដើម្បីជំរុញឲ្យមានការអភិវឌ្ឍវ៉ាក់សាំង, ការព្យាបាល, និងការធ្វើរោគវិនិច្ឆ័យ ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតសកលនេះ។ ចំណែកឯប្រទេសដែលមានប្រាក់ចំណូលខ្ពស់ចំនួន ៨០ប្រទេសទៀត បាននិងកំពុងបង្ហាញចំណាប់អារម្មណ៍ ក្នុងការចូលរួមក្នុងកម្មវិធី COVAX នេះដែរ ប៉ុន្តែពួកគេត្រូវតែបញ្ជាក់ឲ្យច្បាស់ ពីចេតនាចូលរួមរបស់ពួកគេនៅចុងសប្តាហ៍នេះ ដែលជាថ្ងៃផុតកំណត់។

គួរបញ្ជាក់តាមលោក Tedros បានគូសបញ្ជាក់យ៉ាងដូចច្នេះថា «ប្រសិនបើប្រជាជននៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមខកខានទទួលវ៉ាក់សាំង COVID-19 នេះ ការស្លាប់នៅតែបន្តកើនឡើង ឯការងើបឡើងវិញនៃសេដ្ឋកិច្ចសកល នឹងត្រូវពន្យារពេលទៀត»។ ជុំវិញបញ្ហានេះ សហរដ្ឋអាមេរិកដែលជាមហាអំណាចលេខ ១ លើលោក បានប្រកាសរួចទៅហើយថា ខ្លួននឹងមិនចូលរួមកម្មវិធីអភិវឌ្ឍវ៉ាក់សាំង COVAX របស់ WHO នោះឡើយ៕