(ម៉ូស្គូ)៖ អ្នកនាំពាក្យក្រសួងការបរទេសតួកគីលោក ហាមី អាកសយ (Hami Aksoy) បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងប្រទេសស៊ីប (សាយប្រឹស - Cyprus) ក្នុងការសាងសង់ មជ្ឈមណ្ឌលបណ្តុះបណ្តាលសន្តិសុខព្រំដែននៅលើប្រទេសដីកោះមួយនេះ នឹងមិនចូលរួមចំណែកអ្វីក្នុងការបង្កើនសន្តិភាព និងស្ថិរភាព នៅតំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

លោក Aksoy បានគូសបញ្ជាក់ថា ជំហររបស់សហរដ្ឋអាមេរិកដូចជា ការដកទណ្ឌកម្មទិញអាវុធលើរដ្ឋបាលស៊ីប និងក្រិក ព្រមទាំងកម្មវិធីបណ្តុះបណ្តាលយោធាក្រិកជាដើម នឹងរំខានដល់តុល្យភាពរវាងប្រជាជនទាំងសងខាង និងបង្កើនភាពតានតឹងនៅតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត។ អ្នកនាំពាក្យរូបនេះក៏បានសង្កត់ធ្ងន់ដែរថា សកម្មភាពរបស់អាមេរិកនឹងមិនរួមចំណែក ក្នុងការសម្របសម្រួលលើបញ្ហាស៊ីប ហើយកិច្ចព្រមព្រៀងនេះទៀតសោត នឹងបំផ្លាញដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ លោក Aksoy បន្ថែមទៀតថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាទទូចឲ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកនយោបាយអព្យាក្រឹតដែលខ្លួនធ្លាប់អនុវត្តពីមុន ដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាប្រទេសស៊ីប។

ក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃសៅរ៍សប្តាហ៍មុនទៅកាន់កោះស៊ីប រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានប្រកាសថា សហរដ្ឋអាមេរិកបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាជាមួយរដ្ឋមន្ត្រីការបរទេសស៊ីបលោក នូកូស គ្រីស្តូឌួឡៃដ៍ (Nikos Christodoulides) ស្តីពីការសាងសង់មជ្ឈមណ្ឌលបណ្តុះបណ្តាលថ្មីមួយ ដែលមានឈ្មោះថា «មជ្ឈមណ្ឌលស៊ីបសម្រាប់ដែនដី លំហសមុទ្រ និងកំពង់ផែសន្តិសុខហៅកាត់ថា CYCLOPS» ក្រោមជំនួសដោយផ្ទាល់ពីសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា ប្រទេសស៊ីបដែលជាដែនដីកោះមួយ ក្នុងសមុទ្រមេឌីទែរ៉ាណេ និងប្រទេសតួកគីដែលមានឥទ្ធិពលខ្លាំងនៅអឺរ៉ុបខាងកើត បានកើតមានជម្លោះជាមួយគ្នាយូរណាស់មកហើយ ជុំវិញសិទ្ធិខួងយកប្រេង និងឧស្ម័នធម្មជាតិ ចាប់តាំងពីការរកឃើញអណ្តូងប្រេងដំបូង នៅក្នុងដែនសមុទ្រកាលពីឆ្នាំ២០១១។ ស៊ីបត្រូវបានបំបែកទៅជាតំបន់ភាគខាងត្បូង ដែលគ្រប់គ្រងដោយក្រិក និងផ្នែកខាងជើងដែលគ្រប់គ្រងរួមគ្នាដោយរដ្ឋាភិបាលស៊ីប-តួកគី ចាប់តាំងពីឆ្នាំ១៩៧៤មកម្ល៉េះ៕