(តូក្យូ)៖ គណបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) នៅថ្ងៃចន្ទនេះ បានចាប់ផ្ដើមបោះឆ្នោតជ្រើសរើស មេដឹកនាំថ្មីរបស់ខ្លួនហើយ ខណៈប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ត្រូវបានគេរំពឹងកាន់តែខ្ពស់ថា អាចនឹងទទួលបានជ័យជម្នះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

លោក Suga Yoshihide, អតីតរដ្ឋមន្ត្រីការពារជាតិ លោក ស៊ីហ្គែរុ អ៉ីស៊ីបា (Shigeru Ishiba) និងអតីតរដ្ឋមន្ត្រីការបរទេស លោក ហ្វូមីអ៊ូ គីហ្ស៊ីដា (Fumio Kishida) សុទ្ធសឹងតែជាបេក្ខជនមានសក្ដានុពល ហើយក្នុងចំណោមឥស្សរជនទំាង ០៣នាក់នេះទៀតសោត លោក Suga ត្រូវបានគេរំពឹងថា មានប្រជាប្រិយភាពខ្ពស់ជាងគេ ដែលអាចនឹងឡើងកាន់តំណែង ជាប្រធានគណបក្សសេរីប្រជាធិបតេយ្យ ជំនួសលោក អាបេ ស៊ីនហ្សូ ដែលបានប្រកាសថានឹងលាលែងពីតំណែង ដោយសារបញ្ហាសុខភាព។

លោក Suga គឺជាមនុស្សស្មោះត្រង់ម្នាក់នឹងលោក អាបេ និងជាអ្នកដែលអាចនឹងបន្តដើរតាម គោលនយោបាយសំខាន់ៗរបស់លោក អាបេ ក្នុងនោះរួមមានទាំងគោលនយោបាយការបរទេស និងសេដ្ឋកិច្ចជាដើម។

គួរជម្រាបថា អ្នកជាប់ឆ្នោតជាប្រធានគណបក្សសេរីប្រជាធិបតេយ្យជប៉ុន គឺមានលទ្ធភាពខ្ពស់អាចនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុន ជំនួសលោក អាបេ ផងដែរ ដោយសារតែគណបក្សកាន់អំណាចមួយនេះ មានសំឡេងភាគច្រើននៅក្នុងសភា៕