Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហភាពអឺរ៉ុប និងប្រទេសចិន នឹងបើកកិច្ចចរចាពាណិជ្ជកម្ម , បញ្ហាធំៗមួយចំនួននឹងក្លាយជាឧបសគ្គ

12-09-2020 14:47

(ព្រុចសែល)៖ បណ្ដាមេដឹកនាំអឺរ៉ុបនឹងបើកកិច្ចប្រជុំតាមវីដេអូខុនហ្វេរិន ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះដោយសង្ឃឹមថា អាចនឹងមានភាពរីកចម្រើនសម្រាប់កិច្ចចរចាពាណិជ្ជកម្ម និងវិនិយោគ ខណៈភាគីទាំងពីរកំពុងមានភាពតានតឹងរវាងគ្នាលើបញ្ហាជាច្រើន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

បើតាមក្រុមមន្ត្រីចិន កិច្ចព្រមព្រៀងវិនិយោគដែលមានស្រាប់ក្នុងរយៈពេល ០៧ឆ្នាំមកនេះ អាចនឹងត្រូវប្រទេសចិន និងសហភាពអឺរ៉ុបព្រមព្រៀងគ្នានៅចុងឆ្នាំ២០២០នេះ។ ប៉ុន្តែក្រុមមន្ត្រីអឺរ៉ុបបានព្រមានថា ឧបសគ្គធំជាច្រើននៅតែមាន ហើយថាខ្លួននឹងមិនយល់ព្រមឡើយ លើលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ដែលគ្មានតម្លៃអាចទទួលយកបាន។ ជុំវិញបញ្ហានេះដែរ មន្ត្រីអឺរ៉ុបម្នាក់បានគូសបញ្ជាក់ដូច្នេះថា «ទោះបីជាកម្មវត្ថុនយោបាយ បានជួយពន្លឿនកិច្ចចរចាដែលអាចនឹងបញ្ចប់ ឬសម្រេចបាននៅចុងឆ្នាំ២០២០ នេះក៏ដោយ តែយើងនឹងទទួលយកកិច្ចព្រមព្រៀងខាងមុខនេះ លុះត្រាតែវាមានតម្លៃអាចទទួលយកបាន»

គួរជម្រាបថា កិច្ចចរចាពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុប នឹងកើតមានឡើងនៅក្នុងបរិបទដែលភាគីទាំងពីរ កំពុងមានភាពតានតឹងនឹងគ្នាលើបញ្ហាជាច្រើន ក្នុងនោះរួមមានច្បាប់សន្តិសុខជាតិថ្មីលើទីក្រុងហុងកុង និងបញ្ហាជនជាតិដើមភាគតិចមូស្លីមអ៊ុយហ្គឺរ (Uighur) ក្នុងតំបន់ស៊ីនជាំងជាដើម។ បញ្ហាធំៗទាំងពីរនេះ ត្រូវបានអ្នកជំនាញខ្លះយល់ថា អាចនឹងក្លាយជាឧបសគ្គបង្កការរាំងស្ទះដល់កិច្ចចរចា ដែលទំនងជានឹងមិនអាចរកច្រកចេញជាដុំកំភួនឡើយ៕