(ម៉ូស្គូ)៖ នៅក្នុងកិច្ចប្រជុំមួយរៀបចំនៅទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានលើកឡើងថា ប្រទេសចិនមិនដែលបានលូកលាន់ចូល កិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកនោះឡើយ។ ការលើកឡើងបែបនេះបានកើតមានឡើង ក្រោយពីសហរដ្ឋអាមេរិក​បានដកហូតទិដ្ឋាការពីជនជាតិចិន​សរុបជាង ១,០០០នាក់​ដោយយោងលើហេតុផលសន្តិសុខជាតិ និងការរឹតត្បិតមួយចំនួនទៀត លើបេសកកកម្មការទូតចិន នៅក្នុងទឹកដីប្រទេសមហាអំណាចមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងឱកាសនៃកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការរុស្ស៊ីលោក ស៊ឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានគូសបញ្ជាក់ថា ប្រទេសចិនតែងតែធ្វើការអនុវត្តគោលនយោបាយការបរទេស ជាប្រពៃណីរបស់ខ្លួន ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយប្រទេសដទៃ ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានអន្តរជាតិ ហើយចិនមិនដែលទៅលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសដទៃនោះឡើយ ក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។ ដូច្នេះពេលនេះចិនក៏សូមអំពាវនាវទៅអាមេរិកវិញដែរថា សូមកុំលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិន។ នេះជាការលើកឡើងដោយលោក វ៉ាង យី។

គួរបញ្ជាក់ថា ទាំងប្រទេសចិន និងរុស្ស៊ី​សុទ្ធតែជាកំពុងក្លាយជាមុខព្រួញ​នៃការចោទប្រកាន់របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការវាយប្រហារយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។ សម្រាប់ប្រទេសចិនវិញ គឺកំពុងទទួលរងសម្ពាធពីសហរដ្ឋអាមេរិកខ្លាំងឡើងៗទាំងផ្នែកពាណិជ្ជកម្ម និងការទូត។ កាលពីថ្ងៃសុក្រម្សិលមិញនេះ ក្រសួងការបរទេសចិនបានប្រកាសថា ខ្លួននឹងដាក់ចេញនូវវិធានការរឹតត្បិត ចំពោះមន្ត្រីការទូតអាមេរិកទាំងអស់នៅលើទឹកដីចិន ដើម្បីជាការឆ្លើយតបចំពោះវិធានការរឹតត្បិតថ្មី របស់ទីក្រុងវ៉ាស៊ីនតោន មកលើសកម្មភាពមន្ត្រីទូតរបស់ខ្លួន នៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ៕