(តូក្យូ)៖ ការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រនេះបានបង្ហាញថា នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុន គួរតែផ្តោតសំខាន់លើការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកល COVID-19, ជំរុញទិសដៅសេដ្ឋកិច្ចឌីជីថល និងបង្កើតការងារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

នាយកខុទ្ទកាល័យនៃគណៈរដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដិ (Suga Yoshihide) ដែលជាអ្នកកំពុងនាំមុខគេ នៅក្នុងការប្រជែងយកដំណែងជាអ្នកដឹកនាំគណបក្សកាន់អំណាច នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះក៏បានគូសបញ្ជាក់ថា ការទប់ស្តាត់ការរីករាលដាលនៃវីរុសកូរ៉ូណា គឺជាអាទិភាពកំពូលរបស់លោក។ លោក Suga ដែលត្រូវគេរំពឹងថា នឹងក្លាយជាអ្នកបន្តវេនពីនាយករដ្ឋមន្ត្រី ដែលកំពុងកាន់អំណាចលោក អាបេ ស៊ីនហ្សូ បានសង្កត់ធ្ងន់ថា ភារកិច្ចចម្បងរបស់លោកក្នុងនាមជាអ្នកដឹកនាំប្រទេស លោកនឹងធ្វើឲ្យសេដ្ឋកិច្ចជប៉ុនមានភាពប្រសើរឡើងវិញ។

នៅពេលសួរថា តើរដ្ឋាភិបាលជប៉ុនគួរតែផ្តោតលើកត្តាណាខ្លះ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីថ្មី សេដ្ឋវិទូ ៣៧រូបនៅក្នុងការស្ទង់មតិកាលពីថ្ងៃទី០២ ដល់ថ្ងៃទី១០ ខែកញ្ញា បានជ្រើសរើសយកវិធានការទប់ស្តាត់ និងដោះស្រាយវិបត្តិ COVID-19 និង ២៨នាក់ បានជ្រើសរើសទិសដៅសេដ្ឋកិច្ចឌីជីថលនៅក្នុងសង្គម និងក្រុមហ៊ុន។

វិបត្តិ COVID-19 បានឆ្លុះបញ្ចាំងពីកង្វះខាតផ្នែកបច្ចេកវិទ្យា នៅក្នុងជួររដ្ឋាភិបាល និងក្រុមហ៊ុននានា ដែលពួកគេភាគច្រើនប្រកាន់ភ្ជាប់វប្បធម៌ការងារនៅលើក្រដាសនៅឡើយ ដែលអ្នកជំនាញបានបញ្ជាក់ថា វាកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការបង្កើនផលិតភាព។
ចំណែកឯសេដ្ឋវិទូ ២២រូបទៀតបានជ្រើសរើសការបង្កើតការងារ និងជំរុញតម្រូវការក្នុងស្រុក ខណៈដែល ១៣រូបផ្សេងទៀតបានជ្រើសរើស គោលនយោបាយការបរទេស និងសន្តិសុខ។

លោកស្រី ម៉ារី អ៉ីវ៉ាស៊ីតា (Mari Iwashita) ប្រធានទីផ្សារនៅក្រុមហ៊ុនសន្តិសុខដៃវ៉ា (Daiwa Securities) បានគូសបញ្ជាក់ថា ការចំណាយរបស់រដ្ឋាភិបាលនៅតែមានភាពចាំបាច់ ប៉ុន្តែដោយសារតែការបាត់បង់ចំណូលសារពើពន្ធ ដូច្នេះយើងចាំបាច់ត្រូវប្តូរយុទ្ធសាស្រ្ត និងបង្កើនប្រសិទ្ធភាពនៃការចំណាយរបស់រដ្ឋាភិបាលវិញ។

ក្នុងចំណោមអ្នកសេដ្ឋរិទូទាំងអស់ ដែលបានចូលរួមនៅក្នុងការស្ទង់មតិខាងលើនេះ ៣០រូបបានព្យាករណ៍ថា សេដ្ឋកិច្ចជប៉ុនអាចនឹងធ្លាក់ចុះ ៦% នៅក្នុង២០២០នេះ ដែលជាការធ្លាក់ចុះធំបំផុតចាប់តាំងពីឆ្នាំ១៩៩៤។ ចំពោះការវិភាគតាមសេណារីយ៉ូ ដ៏អាក្រក់បំផុតវិញបានបង្ហាញថា សេដ្ឋកិច្ចជប៉ុនអាចធ្លាក់ចុះរហូតដល់ ៨.១%ឯណោះ។

គួរបញ្ជាក់ថា ២/៣ នៃសេដ្ឋវិទូដែលបានចូលរួមក្នុងការស្ទង់មតិបានឲ្យដឹងថា សកម្មភាពបន្ទាប់របស់ធនាគារកណ្តាលជប៉ុន (Bank of Japan ឬ BOJ) គួរតែបញ្ចេញថវិកាបន្ថែម ដើម្បីសង្គ្រោះសេដ្ឋកិច្ចពីវិបត្តិ COVID-19។ លោក ធេតស៊ូយ៉ា អ៉ីនូអិ (Tetsuya Inoue) ប្រធានស្រាវជ្រាវនៅឯវិទ្យាស្ថានស្រាវជ្រាវ ណូមួរ៉ា (Nomura) បានលើកឡើងថា BOJ ចាំបាច់ត្រូវតែការពារសេដ្ឋកិច្ចជប៉ុនពីហានិភ័យ ទាំងក្នុងប្រទេស និងក្រៅប្រទេស៕