(ម៉ូស្គូ)៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបើកកិច្ចពិភាក្សាជាមួយសមភាគីឥណ្ឌាគឺលោក ចៃហ្សាំងការ (Jaishankar) ស្ដីពីស្ថានភាពបច្ចប្បន្ននៅឯតំបន់ព្រំដែន និងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០។

បើតាមលោក វ៉ាង យី វាជារឿងធម្មតាដែលចិន និងឥណ្ឌាមានការខ្វែងគំនិតគ្នា ប៉ុន្តែអ្វីដែលសំខាន់នោះ គឺប្រទេសទាំងពីរគួរតែដោះស្រាយការខ្វែងគំនិតគ្នានេះ​តាមមធ្យោបាយដ៏ត្រឹមត្រូវ នៃទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង យី បានបន្ថែមទៀតថា ប្រទេសចិន និងឥណ្ឌាមិនគួរចាត់ទុកគ្នាជាគូប្រជែង ឬក៏គំរាមកំហែងគ្នាទៅវិញទៅមកនោះទេ តែត្រូវមើលគ្នាក្នុងនាមជាដៃគូ និងផ្ដោតទៅលើឱកាសនៃការអភិវឌ្ឍ។

ជាការឆ្លើយតបលោក Jaishankar បានថ្លែងថា ភាគីឥណ្ឌាមិនចង់ឱ្យមានភាពតានតឹង នៅតំបន់ព្រំដែនឡើយ ដោយគោលនយោបាយចំពោះចិនមួយនេះ គឺនៅតែដដែលមិនផ្លាស់ប្ដូរឡើយ ហើយឥណ្ឌាក៏ជឿជាក់ដែរថា ប្រទេសចិនអាចរក្សាគោលនយោបាយបែបនេះ ដូចគ្នាចំពោះឥណ្ឌា។

ក្រោយបញ្ចប់កិច្ចប្រជុំ នាឱកាសចូលរួមកិច្ចវេទិកាក្រុមប្រឹក្សា ថ្នាក់រដ្ឋមន្ត្រីការបរទេស នៃអង្គការសហប្រតិបត្តិការសៀងហៃ ដែលប្រព្រឹត្តទៅនាទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក វ៉ាង យី និងលោក Jaishankar ក៏បានឯកភាពគ្នាផងដែរលើ ០៥ចំណុចធំៗ ក្នុងនោះរួមមានការទប់ស្កាត់មិនឱ្យ ការខ្វែងគំនិតគ្នាក្លាយទៅជម្លោះ, រក្សាទំនាក់ទំនង និងបញ្ជៀសរាល់សកម្មភាពទាំងឡាយ ដែលអាចបង្កភាពតានតឹងជាដើម។

គួរបញ្ជាក់ថា នៅមុនកិច្ចពិភាក្សារវាងរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងចិន​ត្រូវបានធ្វើឡើងនោះ ប្រទេសយក្សអាស៊ីទាំងពីរនេះ បានធ្វើការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អំពីការចល័តទ័ពខុសប្រក្រតី និងការបាញ់គ្រាប់កាំភ្លើងព្រមានដាក់គ្នា នៅតំបន់ព្រំដែនកំពុងមានជម្លោះ ដែលជាហេតុធ្វើឲ្យមានការព្រួយបារម្ភថា ការផ្ទុះអាវុធជាថ្មីនឹងអាចកើតឡើង៕