(ម៉ូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃពុធ ទី០៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានលើកឡើងថា យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញការបំពុលមេប្រឆាំងរុស្ស៊ីលោក Alexei Navalny ពីសំណាក់ប្រទេសលោកខាងលិច គឺធ្វើឡើងមានគោលបំណងជំរុញឲ្យមានការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មានឥណ្ឌា NDTV។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃពុធនេះ ក្រសួងការបរទេសរុស្ស៊ី បានលើកឡើងយ៉ាងដូច្នេះថា «យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតជាលក្ខណៈទ្រង់ទ្រាយធំ ដែលកំពុងកើតឡើងនៅពេលនេះ គឺមានគោលបំណងបំផុសឲ្យមានការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី។ ពោលគឺគ្មានអ្វីទាក់ទងនឹងជាមួយសុខភាពរបស់លោក Alexei Navalny នោះទេ...ការវាយប្រហារដោយគ្មានមូលដ្ឋាននេះ នឹងនៅតែបន្តមានជាមួយនឹងការបញ្ឆេះកំហឹងជុំវិញបញ្ហានេះ»។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ ក្រសួងការបរទេសរុស្ស៊ី ក៏បានចោទប្រកាន់ផងដែរថា អាជ្ញាធរអាល្លឺម៉ង់ ដែលបានជម្លៀសលោក Navalny ទៅព្យាបាល បានបដិសេធមិនចែករំលែកព័ត៌មានដែលខ្លួនរកឃើញជុំវិញករណីមេបក្សប្រឆាំងរូបនេះ ជាមួយទីក្រុងម៉ូស្គូ។

គួរជម្រាបថា ការប្រតិកម្មពីសំណាក់ក្រសួងការបរទេសរុស្ស៊ីបែបនេះ ធ្វើឡើងជាការឆ្លើយទៅនឹងសេចក្តីថ្លែងការណ៍រួម របស់ក្រុមប្រទេសមហាអំណាចឧស្សាហកម្ម G7 ក៏ដូចជាអង្គការសប្រជាជាតិ ដែលបានថ្កោលទោសករណីបំពុលមេបក្សប្រឆាំងលោក Navalny និងបានទាមទារឲ្យភាគីរុស្ស៊ីស៊ើបអង្កេតដោយតម្លាភាព ដើម្បីចាប់ខ្លួន ឧក្រិដ្ឋជនយកទៅផ្តន្ទាទោសតាមច្បាប់ ខណៈមានភាគីជាច្រើនបានអំពាវនាវឲ្យសហភាពអ៊ីរ៉ុបដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី ចំពោះទង្វើដ៏ព្រៃផ្សៃនេះ។

លោក Navalny ត្រូវបានគេដឹកតាមយន្តហោះបញ្ជូនទៅព្យាបាល នៅប្រទេសអាល្លឺម៉ង់ កាលពីខែសីហា ក្រោយផឹកទឹកតែដែលមានជាតិពុល។ កាលពីថ្ងៃទី០២ ខែកញ្ញា កន្លងទៅនេះ រដ្ឋាភិបាលអាល្លឺម៉ង់បានអះអាងថា មេបក្សប្រឆាំងរូបនេះ ត្រូវបានបំពុលដោយសារធាតុពុលម្យ៉ាងឈ្មោះថា Novichok ដែលបានផលិត និងប្រើប្រាស់ តាំងពីសម័យសហភាពសូវៀតមកម្ល៉េះ៕