(អារ៉ាប់)៖ ព្រះចៅ សាល់ម៉ាន់ (Salman) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត បានមានព្រះបន្ទូលតាមទូរស័ព្ទ ទៅកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា ប្រទេសរបស់ព្រះអង្គចង់បានណាស់ នូវដំណោះស្រាយជាអចិន្ត្រៃយ៍ ប្រកបដោយយុត្តិធម៌ ដែលគ្រប់ភាគីអាចទទួលយកបាន ចំពោះដំណោះស្រាយបញ្ហាប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០។

កិច្ចសន្ទនារវាងព្រះចៅ សាល់ម៉ាន់ និងលោក ដូណាល់ ត្រាំ ខាងលើនេះបានកើតមានឡើង បន្ទាប់ពីប្រទេសអ៉ីស្រាអែល និងអេមីរ៉ាត់អារ៉ាប់រួម បានបង្កើតកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ នោះគឺការផ្សាភ្ជាប់ទំនាក់ទំនងគ្នាឲ្យប្រសើរឡើងវិញ ដោយមានការសម្របសម្រួល ពីសហរដ្ឋអាមេរិក។ ជាថ្នូរនឹងការត្រូវរ៉ូវគ្នានេះ អ៉ីស្រាអែលបានសន្យាផ្អាក គំរោងលេបយកទឹកដីប៉ាឡេស្ទីនបន្ថែមទៀត នៅតំបន់វែសត៍ប៊ែង (West Bank)។

នៅក្នុងកិច្ចសន្ទនានោះ ព្រះចៅ សាល់ម៉ាន់ ក៏បានកោតសរសើរផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិកកន្លងមកនេះ នៅក្នុងការលើកស្ទួយសន្តិភាព ហើយអារ៉ាប៊ីសាអូឌីតចង់ឃើញ ដំណោះស្រាយអចិន្ត្រៃយ៍មួយប្រកបដោយភាពយុត្តិធម៌ និងអនុលោមទៅតាម គំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ (Arab Peace Initiative) ដែលរាជាណាចក្រអារ៉ាប់មួយនេះ ជាអ្នកព្រាងឡើងកាលពីឆ្នាំ២០០២។

គួរបញ្ជាក់ថា នៅក្នុងសេចក្តីព្រាង នៃគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់ បានផ្តល់ឲ្យអ៉ីស្រាអែលនូវការបង្កើតទំនាក់ទំនង ប្រសើរឡើងវិញជាមួយបណ្តារដ្ឋអារ៉ាប់នានា ជាថ្នូរនឹងការបង្កើតនូវដំណោះស្រាយជាមួយប៉ាឡេស្ទីន ដែលតម្រូវឲ្យអ៉ីស្រាអែល ដកកងទ័ពចេញពីទឹកដី ដែលខ្លួនបានកាន់កាប់ អំឡុងសង្គ្រាមមជ្ឈិមបូព៌ាឆ្នាំ១៩៦៧។ កន្លងមកនេះ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត មិនដែលទទួលស្គាល់អ៉ីស្រាអែលថាជាប្រទេសនោះឡើយ៕