(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាមនុស្សជាច្រើននាក់ បានរងរបួស ក្រោយមានការវាយប្រហារដោយកូនកាំបិត ជាច្រើនលើកត្រូវបាន គេរាយការណ៍នៅក្នុងទីក្រុង Birmingham។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប៉ូលិសអង់គ្លេស បានបញ្ជាក់ថាហេតុការណ៍វាយប្រហារដោយកូនកាំបិតមួយបានកើតឡើង នៅម៉ោង១២៖៣០នាទីយប់ ឈានចូលថ្ងៃអាទិត្យនេះ នៅក្នុងទីក្រុង Birmingham ហើយក្រោយមក មនុស្សជាច្រើននាក់ទៀត ក៏ត្រូវបានគេចាក់ឱ្យរបួសផងដែរ។

ភ្លាមៗ ប៉ូលិសអង់គ្លេស មិនទាន់អាចកំណត់ថាវាជាករណីអ្វីនោះទេ ខណៈអាជ្ញាធរកំពុងពង្រឹងសន្តិសុខនៅកន្លែងហេតុ។ ចំណែកឯ ចំនួនអ្នករងរបួសធ្ងន់ ឬស្រាល ព្រមទាំងជនសង្ស័យ ក៏នៅមិនទាន់ មានការបញ្ជាក់ដែរ៕