(ព្យុងយ៉ាង)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចមួយ ទៅកាន់តំបន់រងគ្រោះដោយសារព្យុះទីហ្វុង ម៉ៃសាក់ (Maysak) និងបានដក តំណែងប្រធានគណៈកម្មាធិការបក្សថ្នាក់ខេត្តមួយរូប ដោយសារតែមិនបានអនុវត្តតាមតួនាទីឲ្យបានត្រឹមត្រូវ ជាហេតុបណ្ដាលឱ្យមានមនុស្សស្លាប់។ នេះបើតាម ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថា លោក គីម ជុងអ៊ុន កំឡុងដំណើរទស្សនកិច្ច កាលពីថ្ងៃសៅរ៍ម្សិលមិញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអនុវត្តគោលនយោបាយបក្ស ដោយបានចេញបញ្ជាដោយផ្ទាល់ឱ្យក្រុមន្ត្រីរបស់លោក ប្រឹងប្រែងជួសជុលការខូចខាតឡើងវិញ។ មិនតែប៉ុណ្ណោះ លោកក៏បាន ដកតំណែងប្រធានគណៈកម្មាធិការបក្សថ្នាក់ខេត្ត Hamyong ខាងត្បូង មួយរូប និងតែងតាំងប្រធានគណៈកម្មាធិការថ្មី ផងដែរ។

គួរជម្រាបថា បើតាម KCNA ផ្ទះច្រើនជាង១,០០០ខ្នងត្រូវបានបំផ្លាញ នៅតាមបណ្ដោយឆ្នេរនៃខេត្ត Hamgyong ខាងត្បូង និងខាងជើង។ កាលពីថ្ងៃសៅរ៍ ម្សិលមិញ គណបក្សកាន់អំណាចរបស់កូរ៉េខាងជើង បានប្តេជ្ញាដាក់ទោសមន្ត្រីអសកម្មទាំងឡាយ ដែលមិនបានចាត់វិធានការឲ្យបានពេញលេញ និងទាន់ពេលជាហេតុនាំឲ្យ ប្រជាជនរាប់សិបនាក់បាត់បង់ជីវិត ដោយសារព្យុះទីហ្វុងកំណាច ម៉ៃសាក់ (Maysak)៕