(តេហេរ៉ង់)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក ហាស្សាន់ រូហានី បានរិះគន់ធ្ងន់ធ្ងន់ៗថាបើសហរដ្ឋអាមេរិក មានភាពជា «មនុស្ស ឬមានខួរក្បាលតែបន្តិច» នោះទីក្រុង វ៉ាស៊ីនតោន នឹងដកទណ្ឌកម្មប្រឆាំងអ៉ីរ៉ង់ កំឡុងការឆ្លងរាតត្បាត COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងសុន្ទរកថាមួយតាមកញ្ចក់ទូរទស្សន៍រដ្ឋកាលពីថ្ងៃសៅរ៍ម្សិលមិញ លោក រូហានី ក៏បានបង្ហាញការសោកស្ដាយផងដែរចំពោះបណ្ដាប្រទេសជាមិត្តរបស់អ៉ីរ៉ង់ មួយចំនួនដែលមិនហ៊ានងើបឡើងថ្កោលទោស និងប្រឆាំងទៅនឹងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ធ្វើឡើងមិនត្រូវកាលៈទេសៈពោលគឺចំពេលពិភពលោកកំពុង តស៊ូប្រយុទ្ធនឹង COVID-19។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៉ីរ៉ង់រូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «បើសិនជាសហរដ្ឋអាមេរិក មានភាពជាមនុស្ស និងមាន ខួរក្បាលតែបន្តិច នោះពួកគេនឹងដកទណ្ឌកម្មទៅវិញយ៉ាងហោចណាស់ក៏មួយឆ្នាំដែរ ដោយសារតែការឆ្លងរាតត្បាត COVID-19...ប៉ុន្តែសព្វថ្ងៃ សហរដ្ឋអាមេរិក កាន់តែគ្មានបេះដូង និងអាក្រក់លើសដើមទៅទៀត ដោយបានដាក់ទណ្ឌកម្មថ្មីៗ និងសម្ពាធជាច្រើនមកលើពួកយើង កាលពី៧ខែមុន កំឡុងការឆ្លងរាតត្បាត COVID-19»

លោក រូហានី បន្ថែមថា ក្នុងពេលជាមួយគ្នា ក៏គ្មានប្រទេសដែលជាមិត្តអ៉ីរ៉ង់ណាមួយ ប្រកាសប្រឆាំងទណ្ឌកម្មអាមេរិក ហើយនឹងធ្វើពាណិជ្ជកម្មជាមួយអ៉ីរ៉ង់ ទោះបី ជាមានការគំរាមកំហែងដាក់ទណ្ឌកម្មពីអាមេរិក នោះដែរ។ សហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលធ្វើពាណិជ្ជកម្ម ឬរកស៊ី ជាមួយទីក្រុងតេហេរ៉ង់ ហើយទណ្ឌកម្មនេះទៀតសោត គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនៃរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការបិទខ្ទប់លំហូរហិរញ្ញវត្ថុ របស់អ៉ីរ៉ង់ បន្ទាប់ពីលោក ត្រាំ ដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ឆ្នាំ២០១៥ កាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា បច្ចុប្បន្ន អ៉ីរ៉ង់មានអ្នកឆ្លង COVID-19 ច្រើនជាង ៣៨០,០០០នាក់ ក្នុងនោះស្លាប់ច្រើនជាង ២២,០០០នាក់ និងជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេ បំផុតដោយសារជំងឺរាតត្បាតសកលមួយនេះ នៅក្នុងតំបន់មជ្ឈិមបូព៌ា៕