(ញូដេលី)៖ មេបញ្ជាការកងទ័ពឥណ្ឌា លោកឧត្តមសេនីយ៍ ម៉ាណូច មូកាន់ ណារ៉ាវ៉ាន់ (Manoj Mukund Naravane) នៅថ្ងៃសុក្រនេះ បានបង្ហាញពីទំនុកចិត្តខ្ពស់ថា អាចដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសចិន នៅភាគខាងលិចនៃជួរភ្នំហិម៉ាល័យ (Himalayas) តាមរយៈការសន្ទនា និងចរចាគ្នា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី០៤ ខែកញ្ញា ឆ្នាំ២០២០។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ឡាដាក (Ladakh) ដែលកងទ័ពរវាងប្រទេសនុយក្លែអ៊ែរទាំងពីរ ប្រឈមមុខដាក់គ្នាជាច្រើនខែមកហើយ លោក Naravane បានប្រាប់អ្នកសារព័ត៌មានថា «យើងប្រាកដថាបញ្ហានេះ អាចដោះស្រាយបានតាមរយៈការសន្ទនា»

លោក Naravane ក៏បានគូសបញ្ជាក់ដែរថា ស្ថានការណ៍ជាក់ស្តែងនៅតាមបន្ទាត់គ្រប់គ្រងព្រំដែន LoC (Line of Control) មានសភាពតានតឹងបន្តិច បន្ទាប់ពីប្រទេសឥណ្ឌា បានដាក់ពង្រាយកងទ័ពបន្ថែម ដើម្បីទប់ស្កាត់ការប៉ុនប៉ងលុកលុយ ពីសំណាក់កងទ័ពចិន។

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ប្រទេសឥណ្ឌាក៏បានចោទប្រកាន់ផងដែរថា ទាហានចិនបានធ្វើសកម្មភាពចល័តទ័ព នៅតាមតំបន់ព្រំដែនជម្លោះ នាំឲ្យខុសទ្រង់ទ្រាយដើមនៃកិច្ចព្រមព្រៀង ដែលត្រូវបានធ្វើឡើងរវាងភាគីទាំងពីរ នៅក្រោយការផ្ទុះជម្លោះ កាលពីប៉ុន្មានខែមុននេះ។ ប្រទេសចិនក៏បានចេញមុខច្រានចោលភ្លាមៗផងដែរ ចំពោះការចោទប្រកាន់ពីសំណាក់ភាគីឥណ្ឌា៕