(ម៉ានីល)៖ ចំនួនករណីឆ្លងសរុបនៃ COVID-19 នៅប្រទេសហ្វីលីពីន បានកើនដល់២១៧,៣៩៦នាក់ បន្ទាប់ពីក្រសួងសុខាភិបាលហី្វលីពីន បានប្រកាសរកឃើញអ្នកឆ្លងថ្មីប្រចាំថ្ងៃ ៤,២៨៤នាក់ថែមទៀត នាថ្ងៃអាទិត្យនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០។

នៅថ្ងៃអាទិត្យដដែលនេះ ក្រសួងសុខាភិបាលហ្វីលីពីនក៏បានបញ្ជាក់ដែរថា ចំនួនអ្នកជំងឺ COVID-19 ដែលបាត់បង់ជីវិត បានកើនដល់ ៣,៥២០នាក់ ក្រោយអ្នកជំងឺ១០២នាក់ទៀតទើបតែស្លាប់។ ចំណែកឯ ចំនួនអ្នកជំងឺដែលត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ បានកើនដល់១៥៧,៤០៣នាក់។

គួរជម្រាបថា ភាគច្រើននៃករណីឆ្លងថ្មីៗទាំងនោះ គឺត្រូវបានរកឃើញនៅរដ្ឋធានីម៉ានីល ជាមួយចំនួន២,២០៧នាក់ ហើយបន្ទាប់មកគឺបណ្តាខេត្តដែលនៅជុំវិញ៕