(វៀងច័ន្ទ)៖ ប្រទេសឡាវដែលរងគ្រោះតិចជាងគេបំផុត ដោយសារតែការផ្ទុះឡើងនៃ ជំងឺរាតត្បាតសកល COVID-19 ពេលនេះនៅតែរក្សាបានករណីឆ្លងសរុប ២០ករណីដដែល ក្នុងនោះ ១៩នាក់បានជាសះស្បើយ និងម្នាក់កំពុងសម្រាកព្យាបាលនៅឡើយ ខណៈមនុស្សសរុប ៣១,១០៣នាក់ហើយ បានទទួលការធ្វើតេស្ត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។

ក្រសួងសុខាភិបាលឡាវបានអះអាងថា កាលពីចុងសប្តាហ៍មុននេះ មនុស្សសរុប ២,០៧៨នាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនពីប្រទេសជិតខាង ចូលមកក្នុងប្រទេសឡាវ ហើយមន្ត្រីជំនាញបានធ្វើតេស្តលើពួកទាំងអស់ និងមិនបានរកឃើញករណីសង្ស័យថា មនុស្សណាម្នាក់មានផ្ទុកជំងឺ COVID-19 ឬក៏គ្រុនក្តៅអ្វីនោះឡើយ។

គួរបញ្ជាក់ថា ប្រទេសឡាវដែលមានប្រជាជនសរុបជាង ៧លាននាក់ និងមានព្រំដែនជាប់ប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម ថៃ និងកម្ពុជានោះ បានរកឃើញអ្នកផ្ទុក COVID-19 ០២ករណីដំបូងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ ជាមួយនិងករណីឆ្លងសរុប ២០ករណី និងគ្មានករណីស្លាប់សូម្បីតែម្នាក់នោះ ឡាវជាប្រទេសរងគ្រោះតិចតួចបំផុត ដោយសារការរាតត្បាតជំងឺ COVID-19 ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ប៉ុន្តែសម្រាប់វិស័យសេដ្ឋកិច្ចវិញ ប្រទេសនេះកំពុងរងគ្រោះធ្ងន់ធ្ងរ ជាពិសេសទៅលើផ្នែកទេសចរណ៍៕