(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក មានគម្រោងកាត់បន្ថយកងទ័ពរបស់ខ្លួន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឱ្យមកនៅត្រឹមចំនួនតិចជាង ៥,០០០នាក់ នៅត្រឹមចុង ខែវិច្ឆិកា ខាងមុខនេះ។ នេះបើតាមលោក Mark Esper ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper ធ្វើការអះអាងបែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅ វ៉ាស៊ីនតោន) និងបន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទកន្លងទៅ បានប្រកាសថាសហរដ្ឋអាមេរិក នឹងកាត់បន្ថយកងទ័ពអាមេរិក នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ឱ្យមកនៅត្រឹមចំនួន ៤,០០០នាក់ នៅត្រឹមខែវិច្ឆិកាខាងមុខនេះ។

បច្ចុប្បន្ន កងទ័ពអាមេរិក ៨,៦០០នាក់ កំពុងឈរជើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីដើមខែកក្កដា កន្លងទៅ ក្រសួងការពារជាតិអាមេរិក ក៏បានប្រកាសពី គម្រោងដកកងទ័ពចេញពីមូលដ្ឋានទ័ពចំនួន៥ នៅអាហ្វហ្គានីស្ថានផងដែរ ជាផ្នែកមួយនៃការអនុវត្តតាមកិច្ចព្រមព្រៀងស្វែងរកសន្តិភាព ជាមួយក្រុមសកម្មប្រយុទ្ធ តាលីបង់ ដែលអំពាវនាវឱ្យកងទ័ពអាមេរិកដកចេញទាំងស្រុងក្នុងរយៈពេល ៩ខែកន្លះ។ ប៉ុន្តែ ទោះជាមានកិច្ចព្រមព្រៀងបែបនេះក៏ដោយ ក៏ការវាយប្រហារយុទ្ធគ្នា រវាងក្រុមតាលីបង់ និងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន នៅតែបន្តកើតឡើងដដែល ជាពិសេសនៅតំបន់គ្រប់គ្រងដោយក្រុមតាលីបង់តែម្ដង៕