(ការ៉ាកាស់)៖ តុលាការមួយនៅក្នុងប្រទេសវេណេស៊ុយអេឡា បានផ្ដន្ទាទោសអតីតទាហានពិសេសអាមេរិក ២នាក់ ដាក់ពន្ធនាគារម្នាក់ ២០ឆ្នាំ ពីបទព្យាយាម ធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ឆ្នាំ២០២០។

អតីតទាហានពិសេសអាមេរិកទាំង២នាក់ខាងលើ គឺលោក Luke Denman និងលោក Airan Berry ក៏ត្រូវបានតុលាការវេណេស៊ុយអេឡា រកឃើញផងដែរពី ទោសកំហុសរត់ពន្ធអាវុធខុសច្បាប់, ភេវរកម្ម និងការប៉ុនប៉ងសម្លាប់ ឬចាប់ខ្លួនលោក ម៉ាឌូរ៉ូ ទាំងរស់បញ្ជូនទៅសហរដ្ឋអាមេរិក។ លោក Denman និងលោក Berry ស្ថិតនៅក្នុងចំណោមមនុស្ស១៣នាក់ ដែលត្រូវបានកងកម្លាំងពិសេសវេណេស៊ុយអេឡា ចាប់ខ្លួនកាលពីខែឧសភាកន្លងទៅ ដោយចោទថាអ្នកទាំងនេះ ព្យាយាមសម្រុកចូលវេណេស៊ុយអេឡាដោយខុសច្បាប់ តាមច្រកសមុទ្រចេញពីប្រទេសកូឡុំប៊ី។

លោក Denman មានអាយុ៣៤ឆ្នាំ និងលោក Berry អាយុ៤១ឆ្នាំ បានបង្ហាញខ្លួននៅក្នុងវីដេអូមួយ ចេញផ្សាយដោយទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា ហើយ នៅពេលនោះដែរ លោក Denman បានសារភាពខ្លួនពិតជាបានចូលរួមក្នុងប្រតិបត្តិការសម្លាប់ ឬចាប់ខ្លួនលោក ម៉ាឌូរ៉ូ ទាំងរស់បញ្ជូនទៅកាន់សហរដ្ឋអាមេរិក។

រដ្ឋាភិបាលទីក្រុងការ៉ាកាស់ បានចោទថាសហរដ្ឋអាមេរិក និងមេដឹកនាំគណបក្សប្រឆាំង លោក Juan Guaidó គឺជាអ្នកនៅពីក្រោយផែនការទាំងនេះ។ ក៏ប៉ុន្តែ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាត់ចោលរាល់ការចោទប្រកាន់របស់ទីក្រុងការ៉ាកាស់ ជាមួយការបញ្ជាក់ថាសហរដ្ឋអាមេរិក មិនមានជាប់ពាក់ព័ន្ធ នឹងផែនការសម្លាប់ ឬចាប់ខ្លួបលោក ម៉ាឌូរ៉ូ នោះទេ៕