(ប្រេស៊ីឡា)៖ តំបន់អាមេរិកឡាទីន (Latin America) និងតំបន់ការីបៀន (Caribbean) បានវ៉ាដាច់ទ្វីបអឺរ៉ុប នៅថ្ងៃសុក្រសប្តាហ៍នេះ និងក្លាយជាតំបន់រងគ្រោះធ្ងន់ធ្ងរបំផុត នៃការស្លាប់ដោយសារ COVID-19 ខណៈឥណ្ឌាបានឆ្លងកាត់ជំហាន ដ៏អាក្រក់បំផុតនៃការកត់ត្រាករណីឆ្លងដល់ជាង ២លានករណី។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២០។

បើតាមរបាយការណ៍សរុបចេញផ្សាយលើ worldometer បានឲ្យដឹងថា អាមេរិកឡាទីនក្នុងនាមជាតំបន់ ដែលរងគ្រោះខ្លាំងជាងគេបំផុតលើពិភពលោកនេះ បានរាយការណ៍ថា មានអ្នកស្លាប់ដោយសារ COVID-19 សរុបចំនួន ២១៣,១២០នាក់ដែលច្រើនជាងតំបន់អឺរ៉ុបចំនួន ៤៦០នាក់។ អាមេរិកឡាទីន ដែលជាតំបន់ដែលមានករណីឆ្លង ច្រើនជាងគេបំផុតរហូតដល់ ៥.៣លានករណី ក៏ជាតំបន់ដែលមានករណីស្លាប់ កើនឡើងលឿនជាងគេផងដែរ។

បើគិតពីពិភពលោកទាំងមូលវិញ ករណីឆ្លង COVID-19 សរុបនៅថ្ងៃសៅរ៍នេះមានជាង ១៩.៥លានករណី ក្នុងនោះស្លាប់ជាង ៧២៤,០០០នាក់ និងជាសះស្បើយវិញជាង ១២.៥លាននាក់។ ហេតុដូច្នេះហើយទើបពិភពលោក ទន្ទឹងរង់ចាំវ៉ាក់សាំងដែលមានប្រសិទ្ធភាព ដែលអាចនឹងមានក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា តាមការព្យាករណ៍ពីសម្ព័ន្ធអភិវឌ្ឍវ៉ាក់សាំង ហ្គាវី (Gavi) បានឲ្យដឹងថា វ៉ាក់សាំងប្រឆាំង COVID-19 អាចនឹងមានចំនួន ១០០លានដូស សម្រាប់ប្រទេសក្រីក្រនៅឆ្នាំ២០២១ ខាងមុខនេះ។ បន្ថែមពីនេះ វ៉ាក់សាំងដែលមានតម្លៃខ្ពស់បំផុត ៣ដុល្លារអាមេរិកក្នុងមួយដូស នឹងត្រូវផលិតនៅវិទ្យាស្ថានសេរ៉ូម (Serum) នៃប្រទេសឥណ្ឌា៕