(វ៉ាសូវី)៖ បន្ទាប់ពីការជួបប្រជុំជាមួយ នាយសេនាធិការចំរុះកងទ័ពអាមេរិកលោក ចេមស៍ ម៉ាកខុនវាល (James McConville) នៅទីក្រុង ក្រាកូវ (Krakow) រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញលោក ម៉ារូស ប្លាសហ្សេក (Mariusz Blaszczak) បាននិយាយថា ទាហានអាមេរិកចំនួន ២០០នាក់ដែលកំពុងឈរជើងនៅប៉ូឡូញបច្ចុប្បន្ន នឹងក្លាយជាគ្រឹះនៃមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអឺរ៉ុបមួយនេះនាថ្ងៃអនាគត។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២០។

ក្រសួងការពារជាតិប៉ូឡូញបានឲ្យដឹងថា ប្រទេសទាំងពីរបានពិភាក្សាគ្នា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ស្តីពីការបង្កើតមូលដ្ឋានទ័ពអាមេរិក ជាអចិន្ត្រៃយ៍នៅក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃ ទី៣០ ខែកក្កដាកន្លងទៅ នឹងត្រៀមចុះហត្ថលេខានាពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា ចំណុចសំខាន់នៃកិច្ចព្រមព្រៀងខាងលើនេះរួមមាន ការបង្កើតមូលដ្ឋានទ័ពអាមេរិកនៅឆ្នាំ២០២១ និងផ្លាស់ប្តូរទីតាំងកងទ័ព នៅតាមបណ្តាអឺរ៉ុបផ្សេងទៀត ដែលមានចំនួនពី ១,០០០នាក់ ទៅ ៥,៥០០នាក់។ លោក Blaszczak បានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា «ការសម្រេចនេះ គឺជាសមិទ្ធផលដំបូង នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីអនុញ្ញាតឲ្យមានវត្តមាន កងទ័ពអាមេរិកនៅប៉ូឡូញ»។ ការសម្រេចដាក់ មូលដ្ឋានទ័ពនៅប៉ូឡូញនេះ បានកើតមានឡើងក្រោយពីអាមេរិក ប្រកាសកាត់បន្ថយចំនួនទ័ពរបស់ខ្លួននៅអាល្លឺម៉ង់៕