(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្ញើសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ទៅកាន់ប្រជាជនលីបង់ទាំងមូល បន្ទាប់ពីហេតុការណ៍ផ្ទុះដ៏កក្រើកមួយ បានកើតឡើងនៅជាប់តំបន់ឆ្នេរនៃរដ្ឋធានីបេរូត ដោយផ្ដាច់ជីវិតមនុស្សរហូតដល់ ៧០នាក់ និងជាង ៤,០០០នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសេតវិមាន នៅក្នុងថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា អ្នកជំនាញយោធាអាមេរិកយល់ថា ការផ្ទុះនេះទំនងជាមានពាក់ព័ន្ធ នឹងការវាយប្រហារបំផ្ទុះគ្រាប់បែក។ ទោះជាយ៉ាងណា ការលើកឡើងបែបនេះ គឺផ្ទុយទាំងស្រុងទៅនឹងការអះអាងរបស់អាជ្ញាធរលីបង់ ដែលថាវាគឺជាឧប្បដិហេតុ កើតឡើងដោយចៃដន្យ។

លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ទៅកាន់ជនរងគ្រោះទាំងអស់ និងគ្រួសារសាច់ញាតិរបស់ពួកគេ និងត្រៀមខ្លួនជានិច្ចដើម្បីផ្ដល់ជំនួយ»។ ដោយឡែក នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួររឿងលម្អិត អំពីពីហេតុការណ៍ផ្ទុះខាងលើ លោកប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា «វាហាក់ដូចជាការវាយប្រហារដ៏អាក្រក់មួយ ពោលគឺវាដូចជាការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកតែម្ដង»

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីលីបង់ ការផ្ទុះដ៏កក្រើកខាងលើគឺបានកើតចេញពីឃ្លាំងស្តុក សារធាតុដែលអាចផ្ទុះឆេះ ដែលបានរក្សាទុកក្នុងឃ្លាំងនោះ អស់រយៈពេល ០៦ឆ្នាំមកហើយ។ ជុំវិញហេតុការណ៍ខាងលើនេះ ប្រធានាធិបតីលីបង់លោក មីឈែល អាអូន (Michel Aoun) បានបង្ហោះសារនៅលើគណនី Twitter របស់លោកថា «វាជារឿងមិនអាចទទួលយកបាននោះទេ ដែលសារធាតុអាម៉ូញ៉ូមនីត្រាត (ammonium nitrate) ត្រូវបានទុកដាក់នៅទីនោះ ដោយគ្មានការរក្សាសុវត្ថិភាព»។ លោក មីឈែល អាអូន នឹងស្វែងរកអ្នកទទួលខុសត្រូវលើការផ្ទុះនេះ ក៏ដូចជាដាក់ទោសទណ្ឌយ៉ាងធ្ងន់ ហើយលោកផ្ទាល់ក៏បានប្រកាសយកថ្ងៃពុធនេះ ជាថ្ងៃកាន់ទុក្ខទូទាំងប្រទេសផងដែរ៕