(វ៉ាស៊ីនតោន)៖ ខ្យល់ព្យុះត្រូពិកឈ្មោះ អ៉ីសៃយ៉ាស (Isaias) បានវាយប្រហារបណ្តារដ្ឋ ស្ថិតនៅតាមតំបន់ឆ្នេរភាគខាងកើតសហរដ្ឋអាមេរិក និងបានបណ្តាលឲ្យមនុស្ស ០៤នាក់ស្លាប់ ព្រមទាំងទ្រព្យសម្បត្តិឯកជន និងសាធារណៈជាច្រើនទៀត រងការខូចខាតយ៉ាងដំណំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០។

ព្យុះកួចថូណាដូ ( tornado) ដែលត្រូវបានបង្កឡើង នៅអំឡុងការកើតមានព្យុះត្រូពិក Isaias បានកម្ទេចលំនៅឋានមួយចំនួន នៅក្នុងស្រុក ប៊ែធី (Bertie) នៃរដ្ឋខារ៉ូលីណាខាងជើង (North Carolina) នាំឲ្យមនុស្ស ០២នាក់ស្លាប់។ ដោយឡែកមនុស្ស ០២នាក់ទៀតរស់នៅរដ្ឋម៉ារីលែនដ៍ (Maryland) និងទីក្រុងញូយ៉ក (NYC) បានស្លាប់ដោយសារដើមឈើរលំសង្កត់។

គួរបញ្ជាក់ថា ប្រជាជនអាមេរិក រស់នៅតាមរដ្ឋភាគកើតប្រមាណ ២.២លាននាក់ នៅមិនទាន់មានអគ្គិសនីប្រើប្រាស់ឡើងវិញឡើយ ក្រោយពីព្យុះបានបោកផ្តាច់កាលពីថ្ងៃទី០៤ ខែសីហា ដោយក្នុងនោះ ១.៣លាននាក់រស់នៅរដ្ឋញូជែស៊ី (New Jersey)។ ព្យុះខាងលើនេះ ត្រូវបានទីភ្នាក់ឧត្តុនិយមអាមេរិកអះអាងថា មានល្បឿនជាង ១០០គីឡូម៉ែត្រក្នុងមួយម៉ោង៕