(ម៉ានីល)៖ ហ្វីលីពីននឹងដាក់ចេញឡើងវិញនូវវិធានការបិទទ្វារ ឬ lockdown នៅរដ្ឋធានីម៉ានីល និងតំបន់នៅជុំវិញរយៈពេល ០២សប្ដាហ៍ ចាប់ពីថ្ងៃអង្គារសប្ដាហ៍នេះតទៅ ខណៈប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ កំពុងបង្កើនការទប់ស្កាត់ការឆ្លង COVID-19 ដែលបានកើនឡើងលើស ១០០,០០០ករណីហើយ។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០។

អ្នកនាំពាក្យលោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ គឺលោក ហារី រ៉ូក (Harry Roque) បានថ្លែងប្រាប់ក្រុមអ្នកសារពត៌មាន កាលពីថ្ងៃអាទិត្យម្សិលមិញថា លោក ឌូតឺតេ បានយល់ព្រមបិទទីក្រុងម៉ានីល (Metro Manila) នៅក្នុងរដ្ឋធានីម៉ានីល និងខេត្តក្បែរខាងដូចជា ឡាហ្គូណា (Laguna), កាវីត (Cavite), រីហ្សាល (Rizal), និង ប៊ូឡាខេន (Bulacan) រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០។ ចំណែកឯ អាជីវកម្មមួយចំនួន និងការដឹកជញ្ជូនសាធារណៈ ក៏ត្រូវបានផ្អាកដំណើរការក្នុងរដ្ឋធានីផងដែរ។

គួរបញ្ជាក់ ហ្វីលីពីនបានប្រកាសករណីឆ្លង COVID-19 បន្ថែមចំនួន ៥,០៣២ករណីកាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាការកើនឡើងដ៏ខ្ពស់បំផុតមួយ ដោយធ្វើឱ្យករណីឆ្លងសរុបកើនដល់ ១០៣,១៨៥ករណី ក្នុងនោះ ២,០៥៩នាក់បានស្លាប់ និងជាសះស្បើយ ៦៥,៥៥៧នាក់៕