(ប៉េកាំង)៖ នាវាផ្ទុកយន្ដហោះចម្បាំង សានទុង (Shandong) គឺជានាវាផ្ទុកយន្ដហោះចម្បាំង ផលិតនៅក្នុងស្រុកដំបូងបំផុត ដែលត្រូវបានរចនា, សាងសង់ និងបំពាក់បរិក្ខាទំនើបៗចុងក្រោយ របស់ចិន។ Shandong ឬគេស្គាល់ថា Type 002 ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតនាវា ដាលៀន (Dalian Shipbuilding Industry) និងប្រកាសជាផ្លូវការ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧។

នាវាផ្ទុកយន្ដហោះចម្បាំងនេះ មានសមត្ថភាពផ្ទុកយន្ដហោះចម្បាំង J-15 និងយន្ដហោះចម្បាំងចិនដទៃទៀត។ Shandong ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ នៅឯកំពង់ផែមួយ ក្នុងទីក្រុងសានយ៉ា (Sanya) នៃខេត្តហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងប្រទេសចិន។

នាវាផ្ទុកយន្ដហោះចម្បាំង Shandong មានលក្ខណៈសម្បត្តិប្រហាក់ប្រហែល នឹងនាវាផ្ទុកយន្ដហោះចម្បាំងចិនលាវនីង (Liaoning) ឬ Type 001 ដែរ។ Shandong មានទម្ងន់ប្រែប្រួលពី ៦៦,០០០-៧០,០០០តោន និងបណ្ដោយប្រវែង ៣១៥ម៉ែត្រ ខណៈ Liaoning មានទម្ងន់ប្រែប្រួលពី ៦០,០០០ ទៅ ៦៦,០០០តោន និងបណ្ដោយប្រវែង ៣០៤.៥ម៉ែត្រ។

គួរបញ្ជាក់ថា នាវាចម្បាំងទាំងពីរគ្រឿងខាងលើនេះ គឺជានាវាដែលត្រូវបានដាក់ ឲ្យដំណើរនៅក្នុងជួរកងទ័ពជើងទឹកចិន។ ចិនក៏គ្រោងផលិតនាវាប្រភេទនេះ បន្ថែមទៀតផងដែរ រួមជាមួយនាវាផ្ទុកឧទ្ធម្ភាគចក្រ៕

ប្រភព៖ CGTN (នៅថ្ងៃចន្ទ ទី០៣ ខែសីហា ឆ្នាំ២០២០)