(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ចំនួន៤នាក់ថ្មីទៀត ដោយក្នុងនោះ២នាក់ជាករណីឆ្លងក្នុងស្រុកផ្ទាល់ និង២នាក់ជាករណីនាំចូល ខណៈអាជ្ញាធរកំពុងត្រៀមធ្វើតេស្តទៅលើប្រជាជនទាំង ១.‌១លាននាក់នៃទីក្រុងដាណាង (Danang) ដែលបានក្លាយជាចំណុចកណ្តាលថ្មីនៃការផ្ទុះរាលដាលជំងឺនេះ របស់ប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០២ ខែសីហា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលក្នុងដាណាង បានធ្វើតេស្តរក COVID-19 សរុបចំនួន៨,២៤៧តេស្ត គិតចាប់តាំងពីថ្ងៃទី២៥ ខែកក្កដាមក ជាពេល ដែលការឆ្លងរាលដាលថ្មីបានផ្ទុះឡើងដំបូង។ សមត្ថភាពនៃការធ្វើតេស្ត ត្រូវបានអាជ្ញាធរអះអាងថា នឹងបង្កើនឲ្យទៅដល់ចន្លោះ៨ពាន់- ១ម៉ឺនក្នុងមួយថ្ងៃ ដោយពួកគេគ្រោងធ្វើតេស្តប្រជាជនទាំងអស់ដែលរស់នៅក្នុងទីក្រុងនេះ គឺ១.១លាននាក់។

គួរជម្រាបថា វៀតណាមានករណីឆ្លង COVID-19 សរុប៥៩០នាក់ ក្នុងនោះ១៤៤នាក់ គឺជាប់ទាក់ទងនឹងការឆ្លងរាលដាលពេលថ្មីៗនេះ នៅឯទីក្រុងដាណាង។ សម្រាប់អ្នកជំងឺដែលស្លាប់វិញ វៀតណាមមាន៣នាក់ ខណៈករណីស្លាប់ដំបូង ទើបតែបានកើតឡើងកាលពី ប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ។ ជាមួយគ្នានេះ វៀតណាមក៏បានរកឃើញករណីឆ្លង COVID-19 ថ្មីៗ នៅតាមទីក្រុងដទៃទៀត រួមមានហាណូយ និងហូជីមិញ ដែលពាក់ព័ន្ធជាមួយការរាតត្បាតនៅដាណាងផងដែរ៕