(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានប្រាប់ឲ្យប្រជាជនហ្វីលីពីន ប្រើប្រាស់សាំងដើម្បីសម្លាប់មេរោគនៅលើម៉ាស ហើយលោកបានសង្កត់ធ្ងន់ថា «ដំបូន្មាននេះ​មិនមែនជារឿងលេងសើចនោះទេ»។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០។

មេដឹកនាំរូបនេះ ក៏បានធ្វើការលើកឡើងស្រដៀងគ្នានេះដែរកាលពីសប្តាហ៍មុន អំពីការប្រើប្រាស់សាំងសម្រាប់សំអាតម៉ាស ក្នុងករណីដែលមិនមានសាប៊ូ។ ដោយឡែកអ្នកនាំពាក្យរបស់លោក ឌូតឺតេ នៅមុននេះទៀតបានបញ្ជាក់ថា «នេះជារឿងលេងសើចប៉ុណ្ណោះ» និងបានក្រើនរំលឹកដល់សាធារណជនថា លោក ឌូតឺតេ ជារឿយៗចូលចិត្តនិយាយរឿងកំប្លែង។ ប៉ុន្តែនៅក្នុងសុន្ទរកថា​តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសុក្រម្សិលមិញ លោក Duterte បាននិយាយថា អ្វីដែលលោកនិយាយនេះ «គឺជាការពិត និងមិនមែនជារឿងលេងសើចនោះទេ»

ជុំវិញបញ្ហានេះ អ្នកឯកទេសផ្នែកវេជ្ជសាស្ត្រជាច្រើនរូបបានបញ្ជាក់ថា ការណែនាំរបស់លោកប្រធានាធិបតី មិនត្រូវអនុវត្តតាមនោះទេ។
ជាក់ស្តែងលោក ចូស សាន់ត្យាហ្គោ (Jose Santiago) ប្រធានសមាគមវេជ្ជសាស្ត្រហ្វីលីពីន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា «អ្នកមិនអាចប្រើប្រាស់សាំង ដើម្បីសម្លាប់មេរោគនៅលើម៉ាសបានទេ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់ ដល់ប្រព័ន្ធផ្លូវដង្ហើម»។ អ្នកឯកទេសរូបនេះ បានធ្វើការណែនាំឲ្យប្រើសាប៊ូ និងទឹកដើម្បីសម្អាតម៉ាសវិញ។

យោងតាមរបាយការណ៍ចុងក្រោយបានឲ្យដឹងថា ប្រទេសហ្វីលីពីនមានករណីឆ្លង COVID-19 កើនឡើងច្រើនជាងគេលំដាប់លេខ ២ នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ខណៈលោក ឌូតឺតេ បានអំពាវនាវឲ្យគ្រប់គ្នាបន្តអនុវត្តវិធានការរឹតត្បិត ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំង ហើយបុរសខ្លាំងរូបនេះបានសន្យាថា ប្រទេសហ្វីលីពីននឹងវិលទៅរកភាពប្រក្រតីវិញ នាខែធ្នូខាងមុខ។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ ករណីឆ្លងជំងឺ COVID-19 នៅហ្វីលីពីនមានសរុបជាង ៩៣,៣០០ករណី ក្នុងនោះស្លាប់ជាង ២,០០០នាក់ និងជាសះស្បើយឡើងវិញជាង ៦៥,១០០នាក់។ ប្រមុខដឹកនាំហ្វីលីពីន ក៏បានធ្វើការទាក់ទងទៅកាន់ប្រទេសចិនផងដែរ ដើម្បីស្នើសុំទិញវ៉ាក់សាំង COVID-19 ជាអាទិភាព ហើយចិនបានយល់ព្រមចំពោះសំណើនេះរួចហើយ៕