(ហាណូយ)៖ នៅក្នុងរបាយការណ៍សម្រាប់ព្រឹកថ្ងៃសៅរ៍ ទី០១ ខែសីហា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១២ករណីបន្ថែមទៀត ដែលបានកើតឡើងនៅទីក្រុងដាណាង (Da Nang) ភាគកណ្ដាលនៃប្រទេស ហើយនាំឲ្យករណីឆ្លងសរុប ក្នុងទីក្រុងទេសចរណ៍នេះកើនឡើងដល់ ១១៦ករណីហើយ គិតចាប់តាំងពីវីរុសនេះ​បានផ្ទុះឡើងកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយ​ដោយសារពត៌មាន CNA។

លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានថ្លែងកាលពីថ្ងៃពុធថា រលកថ្មីនៃ COVID-19 នេះគឺខុសពីរលកទី ២ ដែលប្រទេសវៀតណាមធ្លាប់បានប្រយុទ្ធ កាលពីខែមីនា ដោយវាកំពុងធ្វើឲ្យបណ្ដាខេត្ត និងក្រុងទាំងអស់នៃប្រទេសវៀតណាម ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ នាយករដ្ឋមន្ត្រីរូបនេះក៏បានព្រមានផងដែរថា មណ្ឌលទេសចរណ៍នៅទូទាំងប្រទេស ត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយទីក្រុងដាណាងត្រូវស្ថិតក្រោម «ការបិទទីក្រុងយ៉ាងតឹងរ៉ឹង»

ដោយឡែករដ្ឋធានីហាណូយកាលពីថ្ងៃព្រហស្បតិ៍ ក៏បានហាមឃាត់ការជួបជុំធំៗ និងជំរុញឲ្យអ្នកធ្វើដំណើរក្នុងស្រុករាប់ម៉ឺននាក់ ត្រូវរាយការណ៍ទៅអាជ្ញាធរ។ បន្ថែមពីនេះ បារ, ក្លឹបរាត្រី, តូចលក់អាហារតាមចញ្ចើមផ្លូវ និងខារ៉ាអូខេត្រូវបានបិទទ្វារ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃសុក្រ។ ដោយឡែកភោជនីយដ្ឋាន និងផ្សារទំនើបធំៗ នៅតែអាចបន្តបើកបានធម្មតា តែត្រូវអនុវត្តគោលការណ៍ រក្សាគម្លាតសុវត្ថិភាពជាចាំបាច់។

គួរបញ្ជាក់ ប្រទេសវៀតណាមគិតត្រឹមព្រឹកថ្ងៃសៅរ៍នេះ មានករណីឆ្លង COVID-19 សរុបចំនួន ៥៥៨ករណី ក្នុងនោះអ្នកស្លាប់ចំនួន ០២នាក់ និងជាសះស្បើយចំនួន ៣៧៣នាក់៕