(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍ថា ប្រទេសនីមួយៗគួរតែចាប់ផ្តើមបន្តូរបន្ថយ ការរឹតត្បឹតសម្រាប់ការធ្វើដំណើរអន្តរជាតិជាបណ្តើរៗ ដោយផ្អែកលើការវាយតម្លៃហានិភ័យយ៉ាងហ្មត់ចត់ ហើយត្រូវផ្តល់អាទិភាពដល់អ្នកធ្វើដំណើរចាំបាច់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។

WHO បានឲ្យដឹងថា អាទិភាពនេះគួរតែផ្តល់ដល់ការធ្វើដំណើរ ចាំបាច់មួយចំនួនរួមមាន សកម្មភាពមនុស្សធម៌, ការធ្វើដំណើររបស់បុគ្គលចាំបាច់ និងការធ្វើមាតុភូមិនិវត្តន៍ចូលក្នុងប្រទេសវិញជាដើម។ WHO ក៏បានជំរុញឲ្យប្រទេសនីមួយៗ ធ្វើការវាយតម្លៃដោយខ្លួនឯង មុននឹងអនុញ្ញាតិឲ្យមានការធ្វើដំណើរអន្តរជាតិឡើងវិញនេះ។ កាលពីដើមសប្តាហ៍នេះ WHO បានគូសបញ្ជាក់ថា បំរាមសម្រាប់ការធ្វើដំណើរអន្តរជាតិ មិនអាចបន្តជារៀងរហូតនោះទេ ហើយប្រទេសនីមួយៗគួរតែចាត់វិធានការ ដើម្បីទប់ស្កាត់ការចម្លងជំងឺនៅក្នុងស្រុក ឲ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា វិធានការការពារសុខភាព ដែលត្រូវបានដាក់ចេញដោយ WHO សម្រាប់អ្នកដំណើរតាមយន្ដហោះរួមមាន ការពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការលាងដៃឲ្យបានញឹកញាប់, ការចៀសវាងការប៉ះភ្នែក ច្រមុះ ឬមាត់, និង តាមដានព័ត៌មានចុងក្រោយបំផុត ទាក់ទងនឹងស្ថានការណ៍ COVID-19 ទាំងនៅក្នុងប្រទេសរបស់ពួកគេ និងសកលលោកទាំងមូល៕