(ម៉ូស្គូ)៖ ក្រសួងសុខាភិបាលរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះ បានឲ្យដឹងថាករណីឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនដល់ ៨៣៤,៤៩៩ករណី ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

បើតាមក្រសួងសុខាភិបាលរុស្ស៊ី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ករណីឆ្លងថ្មីៗចំនួន ៥,៥០៩ ត្រូវបានរាយការណ៍ និងមនុស្ស១២៩នាក់បន្ថែមបានស្លាប់ ដែលធ្វើឲ្យ ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនដល់ ១៣,៨០២នាក់។ ចំណែកឯ អ្នកជំងឺចំនួន ៦២៩,៦៥៥នាក់បានជាសះស្បើយឡើយវិញ។ ទីក្រុងម៉ូស្គូ ដែលជាទីក្រុងមានប្រជាជន ប្រហែលជា ១២.៦លាននាក់ បានទទួលរងផលប៉ះពាល់ខ្លាំងជាងគេបំផុតពី COVID-19 នៅទូទាំងប្រទេសរុស្ស៊ី។ ជាក់ស្តែង មន្ត្រីសុខាភិបាលរុស្ស៊ីបានកត់ត្រាករណីឆ្លងថ្មីៗ ចំនួន៦៧៨ ករណីដែលបានធ្វើឱ្យចំនួនអ្នកឆ្លងសរុប នៅក្នុងទីក្រុងម៉ូស្គូ កើនឡើងដល់ ២៤០,៦៦៤នាក់។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធម្សិលមិញ មនុស្សជាង ២៦ម៉ឺននាក់ ត្រូវដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលពីសំណាក់មន្ត្រីសុខាភិបាលយ៉ាងតឹងរ៉ឹងបំផុត។ រហូតមកទល់ពេលនេះ ប្រទេសរុស្សីបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ២៧.៨លាននាក់នៅទូទាំងប្រទេស៕