(ប៉េកាំង)៖ ក្រសួងការបរទេសចិនបាននិយាយថា សហភាពអឺរ៉ុប (EU) គួរតែគោរពជំហរ និងសកម្មភាពរបស់ប្រទេសចិនស្តីពីការការពារសន្តិសុខជាតិនៅក្នុង ទីក្រុងហុងកុង និងបញ្ឈប់ការលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ចិនតទៅទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។

ប្រតិកម្មនេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលបានចេញនូវវិធានការជាច្រើនដើម្បីប្រឆាំងនឹង ច្បាប់សន្តិសុខជាតិថ្មីនេះ រួមទាំងការរឹតត្បិតលើការនាំចេញបរិក្ខារបច្ចេកវិទ្យាមួយចំនួន ទៅកាន់ទីក្រុងហុងកុងផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធសប្ដាហ៍នេះថា ទីក្រុងហុងកុង គឺជាតំបន់រដ្ឋបាលពិសេស របស់ចិន ហើយកិច្ចការរបស់ទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ ហើយគ្មានប្រទេស ឬអង្គការបរទេសណាមួយ មានសិទ្ធិជ្រៀតជ្រែកនោះទេ។ លោក បន្ថែមថា វិធានការដែលបានអនុម័តដោយសហភាពអឺរ៉ុប គឺជាការរំលោភគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិស្តីពីការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងប្រទេស ដទៃផងដែរ។ លោក Wang បានបន្តទៀតថា ប្រទេសចិនប្រឆាំងនឹងវិធានការរបស់អឺរ៉ុបជាដាច់ខាត និងបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សហភាពអឺរ៉ុបផងដែរ។

លោកបានសង្កត់ធន់ថា ការបង្កើត និងការអនុវត្តច្បាប់ស្តីពីការការពារសន្តិសុខជាតិនៅក្នុងទីក្រុងហុងកុង គឺដើម្បីបំពេញចន្លោះប្រហោងទៅលើច្បាប់ការពារសន្តិសុខ ដែលមានស្រាប់។ មួយវិញទៀត ច្បាប់នេះមានបំណងធ្វើឲ្យប្រសើរឡើងនូវនីតិរដ្ឋនៅទីក្រុងហុងកុង, ធានានូវស្ថិរភាព និងនិរន្តភាពនៃគោលការណ៍ «ប្រទេសមួយ ប្រព័ន្ធពីរ» ដោយផ្អែកលើរដ្ឋធម្មនុញ្ញចិន និងច្បាប់មូលដ្ឋានរបស់ហុងកុង។

គួរបញ្ជាក់ថា បើតាមលោក Wang ភាគីអឺរ៉ុបគួរតែគោរពជំហរ របស់ចិនលើបញ្ហាសន្តិសុខជាតិនៅទីក្រុងហុងកុង និងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន។ ប្រទេសចិន ចង់ឲ្យអឺរ៉ុបបន្ត ជ្រោមជ្រែងការអភិវឌ្ឍទីក្រុងហុងកុង ព្រមទាំងថែរក្សាទំនាក់ទំនងជាមួយចិន និងអឺរ៉ុបប្រកបដោយចីរភាព៕