(ប៉េកាំង)៖ សារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង បានចេញផ្សាយថា ប្រទេសរបស់ខ្លួនមិនមានករណីឆ្លង COVID-19 នោះទេ បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីករណីសង្ស័យមួយ ត្រូវបានរកឃើញលើបុរសម្នាក់ ដែលបានឆ្លងព្រំដែនពីកូរ៉េខាងត្បូង ចូលមកក្នុងទឹកដីកូរ៉េខាងជើង នាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ ដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។

រ៉ូដុង ស៊ីនម៉ាន់ (Rodong Sinmun) ដែលជាសារព័ត៌មានផ្លូវការមួយរបស់កូរ៉េខាងជើង បានគូសបញ្ជាក់ថា កូរ៉េខាងជើងនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ហើយរក្សាការអនុវត្តវិធានការធ្វើចត្តាឡីស័ក និងត្រួតពិនិត្យឱ្យបានតឹងរ៉ឹងជាទីបំផុត។

បច្ចុប្បន្នកូរ៉េខាងជើងបានបិទទីក្រុងកេសុង ជាបណ្ដោះអាសន្នក្រោយបុរសម្នាក់ ដែលបានរស់នៅកូរ៉េខាងត្បូងអស់រយៈពេល ០៣ឆ្នាំ បានឆ្លងដែនចូលមកកាន់ទីក្រុងមួយនេះ។ ដំបូងឡើយរូបគេត្រូវបានប្រកាសថា មានរោគសញ្ញាសង្ស័យ COVID-19 ប៉ុន្តែមកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងមិនបានទទួលស្គាល់ថា ជាករណីឆ្លងនោះទេ ហើយព័ត៌មានពាក់ព័ន្ធនឹងបុរសរូបនេះ ក៏មិនទាន់ការបញ្ជាក់នោះដែរ។

ចំណែកឯ ក្រុមមន្ត្រីសុខាភិបាលកូរ៉េខាងត្បូង ក៏ជឿជាក់ដែរថាគ្មានសញ្ញាណាមួយបង្ហាញថា រូបគេបានឆ្លង COVID-19 នៅពេលឆ្លងព្រំដែនឡើយ ខណៈមនុស្សពីរនាក់ធ្លាប់មានទំនាក់ទំនងជិតស្និទ្ធនឹងរូបគេ ក៏ត្រូវបានធ្វើតេស្ដចេញលទ្ធផលអវិជ្ជមានផងដែរ៕