(តូក្យូ)៖ ទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ឲ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០នេះថា មនុស្សម្នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស ក្នុងឧប្បត្តិហេតុផ្ទុះឆេះមួយនៅឯទីក្រុងកូរីយ៉ាម៉ា (Koriyama) នៃខេត្តហ្វូគូស៊ីម៉ា (Fukushima) ភាគឦសានប្រទេសជប៉ុន។

មន្ត្រីនាយកដ្ឋានពន្លត់អគ្គីភ័យនៃខេត្ត Fukushima បានគូសបញ្ជាក់ថា ករណីផ្ទុះខាងលើបានកើតឡើង ក្នុងភោជនីយដ្ឋានមួយកន្លែងស្ថិតនៅទីក្រុង Koriyama កាលពីវេលាម៉ោងប្រហែល ៩៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅក្នុងតំបន់។ ក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និង ១៧នាក់ទៀតរងរបួសធ្ងន់ ខណៈដែលអគារទាំងមូលត្រូវបានបំផ្លិចបំផ្លាញ និងអគារនៅក្បែរខាងក៏រងការខូចខាតផងដែរ។

ចំណែកឯមូលហេតុនៅពីក្រោយការផ្ទុះឆេះនេះ មិនទាន់ត្រូវបានគេបញ្ជាក់ច្បាស់នៅឡើយទេ ខណៈដែលការស៊ើបអង្កេតមួយ កំពុងត្រូវបានធ្វើឡើង។ ទោះជាបែបនេះក្តី បើតាមការសង្ស័យការផ្ទុះ គឺទំនងជាបានកើតឡើងដោយសារតែ ការលេចធ្លាយហ្គាសនៅក្នុងភោជនីយដ្ឋាន ខណៈបុគ្គលិក និងភ្ញៀវត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុទាំងកម្រោល៕