(បាងកក)៖ បាតុកម្មតវ៉ារបស់ក្រុមនិស្សិតប្រឆាំងរដ្ឋាភិបាលនាយករដ្ឋមន្ត្រី លោក ប្រាយុទ្ធ ចាន់អូចា កាលពីសប្ដាហ៍មុន បាននិងកំពុងដុតកម្ដៅនយោបាយនៅក្នុងប្រទេសថៃ សាជាថ្មី ខណៈមានការសន្និដ្ឋានជាច្រើនថាក្រុមបាតុករថៃទាំងនេះ កំពុងយកគំរូតាមបាតុករទីក្រុងហុងកុង។ តាមការពិតទៅ បាតុកម្មតវ៉ាដឹកនាំដោយសហព័ន្ធនិស្សិតថៃ ក៏ធ្លាប់ បានកើតឡើងផងដែរកាលពីខែកុម្ភៈកន្លងទៅ បន្ទាប់ពីតុលាការធម្មនុញ្ញថៃប្រកាសរំលាយគណបក្សអនាគតថ្មី (Future Forward Party) ដែលជាគណបក្សប្រឆាំងធំទី២ នៅក្នុងប្រទេស។

បាតុកម្មតវ៉ានេះត្រូវបានរំសាយចោលទៅវិញ ដោយសារតែការបារម្ភពីការឆ្លងរាតត្បាត COVID-19 និងវិធានការរឹតត្បិតការប្រមូលផ្ដុំ ព្រមទាំងបម្រាមគោចរដែលដាក់ចេញឱ្យ អនុវត្តដោយរដ្ឋាភិបាលទីក្រុងបាងកក។ ក៏ប៉ុន្តែ ជោគជ័យរបស់រដ្ឋាភិបាលថៃ ក្នុងការគ្រប់គ្រងស្ថានការណ៍ COVID-19 បូករួមទាំងការបន្ធូរបន្ថយការរឹតត្បិត បែរជាបន្ធូរបន្ថយ ការព្រួយបារម្ភរបស់ក្រុមនិស្សិតថៃ ហើយងើបឡើងធ្វើបាតុកម្មតវ៉ាជាថ្មីទៅវិញ ដើម្បីទាមទារការចង់បានរបស់ពួកគេ។

*ជោគជ័យរបស់រដ្ឋាភិបាលថៃ ក្នុងការគ្រប់គ្រង COVID-19

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា បានទប់ស្កាត់ និងធ្វើឱ្យការឆ្លងរាតត្បាត COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងបានដោយជោគជ័យ។ កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ថៃបានរាយការណ៍ពីការឃើញ COVID-19 ១០ករណីថ្មី ខណៈក្នុងថ្ងៃតែមួយនេះដែរ ពិភពលោករកឃើញអ្នកឆ្លងជិត ២៨៨,០០០នាក់ឯណោះ។ ម្យ៉ាងវិញទៀត ករណីឆ្លងទាំង១០ទៀតសោត សុទ្ធសឹងតែជាករណីនាំចូលពីបរទេស ក្នុងនោះមាន៦ករណីជាយោធាថៃ ត្រឡប់មកពីហ្វឹកហាត់នៅកោះហាវ៉ៃ។ គិតជាសរុប ថៃមានអ្នកឆ្លង COVID-19 ៣,២៧៩នាក់ ក្នុងនោះស្លាប់៥៨នាក់។

ដោយមើលឃើញពីស្ថានការណ៍ធូរស្រាល រដ្ឋាភិបាលថៃ បានដាក់ចេញការអនុវត្តវិធានការបន្ធូរបន្ថយ ក្នុងតំណាក់កាលទី៦ ដែលអាចនឹងអនុញ្ញាតឱ្យពលករបរទេស មួយសែន
នាក់ ត្រឡប់មកធ្វើការនៅក្នុងប្រទេសថៃវិញ។ ប៉ុន្តែបញ្ហានៅតែមាន នោះគឺថាតើនរណាជាអ្នកចេញថ្លៃចំណាយធ្វើចត្តាឡីស័ក១៤ថ្ងៃ លើពលករទាំងនេះ ដោយការធ្វើចត្តាឡីស័ក លើមនុស្សម្នាក់ត្រូវចំណាយអស់២ម៉ឺនបាត ឬ៦៣៤ដុល្លារ។ ជោគជ័យរបស់ថៃក្នុងការទប់ស្កាត់ COVID-19 ក៏ទទួលបានការកោតសរសើរផងដែរពីអង្គការសុខភាពពិភពលោក និងបង្កការភ្ញាក់ផ្អើលមិនតិចនោះទេ នៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។

*តែក្រុមបាតុករថៃ នៅតែចង់បានការផ្លាស់ប្ដូរ

ថ្វីដ្បិតរដ្ឋាភិបាលលោក បា្រយុទ្ធ បានទប់ស្កាត់ និងធ្វើឱ្យការឆ្លងរាតត្បាត COVID-19 ស្ថិតនៅក្រោមការគ្រប់គ្រងបានដោយជោគជ័យក៏ដោយ។ ក៏ប៉ុន្តែ នៅតែមានដដែល
ផលប៉ះពាល់សេដ្ឋកិច្ច ដែលបង្កឡើងដោយសារការអូសបន្លាយវិធានការបិទប្រទេស និងការខូចខាតធ្ងន់ធ្ងរដល់វិស័យទេសចរណ៍។ បើតាមធនាគារនៃប្រទេសថៃ (Bank of Thailand) កំណើនសេដ្ឋកិច្ចថៃ ត្រូវបានរំពឹងថាអាចធ្លាក់ចុះយ៉ាងហោច ៨ភាគរយក្នុងឆ្នាំ២០២០នេះ។ លោក Parit Chiwarak ជាមេដឹកនាំសហព័ន្ធនិស្សិតថៃ (SUT) បានកត់សម្គាល់ថា COVID-19 បានបង្កការខូចខាតធ្ងន់ធ្ងរ ហើយក្នុងចំណោមនិស្សិតដែលជិតបញ្ចប់ការសិក្សា អាចនឹងប្រឈមមុខនឹងអត់ការងារធ្វើ ហើយប្រជាជនថៃរាប់លាន នាក់ទៀត នឹងបាត់បង់ការងាររបស់ពួកគេ។

ដោយឡែក លោក Thitinan Pongsudhirak ជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងជានាយកវិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិនៃសាកលវិទ្យាល័យ Chulalongkorn យល់ថាកត្តាដែលជំរុញឱ្យក្រុមនិស្សិតថៃ ងើបធ្វើបាតុកម្មតវ៉ា នោះគឺការព្រួយបារម្ភពីអនាគតរបស់ពួកគេ។ លោក Pongsudhirak បានគូសបញ្ជាក់ដូច្នេះថា៖ « បើសិនជាអ្នកបាន ស្ដាប់សំឡេងរបស់ពួកគេ នោះអ្នកនឹងបានលឺពាក្យពេចន៍មួយម៉ាត់ៗចេញពីមាត់ពួកគេគឺ«ពាក្យអនាគត».....ក្រុមយុវជនទាំងនេះបានរស់នៅ រយៈពេល២០ឆ្នាំមកនេះ ដោយឆ្លង កាត់នយោបាយដ៏ចលាចល និងរដ្ឋប្រហារដល់ទៅ២លើក ដែលធ្វើឱ្យពួកគេហត់នឿយ និងយល់ថាជារឿងដដែលគួរឱ្យធុញទ្រាន់»

លើសពីនេះទៅទៀត ក្រុមនិស្សិត ក៏មានការព្រួយបារម្ភដែរចំពោះការប្រកាសដាក់ «ប្រទេសក្នុងគ្រាអាសន្ន» ដើម្បីទប់ស្កាត់ COVID-19 ដែលបានចូលជាធរមានតាំងតែថ្ងៃទី២៤ ខែមីនាមក។ វិធានការនេះត្រូវបានគេរំពឹងថានឹងត្រូវអូសបន្លាយ តែក្រុមអ្នករិះគន់និយាយថា ការអូសបន្លាយពេលដាក់ប្រទេសក្នុងគ្រាអាសន្ន អាចនឹងត្រូវបានរដ្ឋាភិបាល ប្រើប្រាស់ដើម្បីគាបសង្កត់គណបក្សប្រឆាំង និងរឹតត្បិតសេរីភាពបញ្ចេញមតិ។ ដ្បិត នៅក្រោមវិធានការនេះ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មានអំណាចធំលើសលប់ ក្នុងការហាមប្រាមការប្រមូលផ្ដុំ, ហាមមនុស្សចេញពីផ្ទះ និងទប់ស្កាត់ព័ត៌មានទាំងឡាយ ដែលត្រូវបានចាត់ទុកថាបង្កការភ័យខ្លាចនៅក្នុងសង្គម។ និយាយឱ្យងាយស្ដាប់សម្រាប់ ក្រុមអ្នករិះគន់ រដ្ឋាភិបាលលោក ប្រាយុទ្ធ មិនមែនគ្រាន់តែចង់គ្រប់គ្រង COVID-19 តែមួយមុខទេ តែក៏ចង់គ្រប់គ្រងមនុស្ស ដែលខ្លួនមើលឃើញថាជាអ្នកប្រឆាំង ឬមាននិន្ននាការ នយោបាយផ្ទុយពីរដ្ឋាភិបាលរបស់លោកតែម្ដង។

*ជម្រើសជាអទិភាពរបស់លោក ប្រាយុទ្ធ

លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ទទួលបានប្រជាប្រិយភាពច្រើនគ្រាន់បើ ដោយសារជោគជ័យក្នុងការទប់ស្កាត់ និងគ្រប់គ្រង COVID-19 ដែលនេះបានផ្ដល់ទំនុកចិត្តថ្មីដល់ រូបលោក ចំពេលលោកផ្ទាល់កំពុងត្រៀមរុះរើគណៈរដ្ឋមន្ត្រី។ អ្វីដែលលោកប្រាយុទ្ធ ត្រូវការនៅពេលនេះ នោះគឺទីប្រឹក្សាសេដ្ឋកិច្ចដ៏មានសមត្ថភាពម្នាក់ ដើម្បីជំនួសតំណែងលោក ឧបនាយករដ្ឋមន្ត្រី Somkid Jatusripitak ដែលបានលាលែងចេញពីតំណែង នៅក្រោមសម្ពាធពីថ្នាក់ដឹកនាំថ្មីនៃគណបក្ស Palang Pracharat។ នៅក្នុងន័យនេះ តំណែងជា នាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ អាចរក្សាបាន ឬក៏យ៉ាងណា គឺអាស្រ័យទៅលើគុណភាពនៃគណៈរដ្ឋមន្ត្រីថ្មីរបស់លោក ជាពិសេសក្រុមការងាររដ្ឋមន្ត្រីសេដ្ឋកិច្ចថ្មីដែលត្រូវ ទទួលបន្ទុកស្ដារសេដ្ឋកិច្ចជាតិឡើងវិញ។

អាចមកពីហេតុផលនេះហើយ ទើបលោកប្រាយុទ្ធ នៅតែទទូចចង់ជ្រើសរើសបេក្ខជនមានសមត្ថភាពពិតប្រាកដ ឱ្យកាន់តំណែងខាងសេដ្ឋកិច្ចសំខាន់ៗ ជាជាងជ្រើសរើសរដ្ឋមន្ត្រីថ្មី នានាតាមសែស្រឡាយ ឬចេញពីអ្នកនយោបាយជាន់ខ្ពស់នៅក្នុងគណបក្ស Palang Pracharat។ គោលជំហរម៉ឺងម៉ាត់របស់លោក ប្រាយុទ្ធ ប្រឆាំងនឹងសម្ពាធនយោបាយពី គណបក្សរបស់លោកផ្ទាល់ អាចនឹងធ្វើឱ្យលោកកាន់តែមានប្រជាប្រិយភាព នៅក្នុងចំណោមប្រជាជនថៃ។ ជាធម្មតា ប្រជាជនថៃតែងតែប្រាថ្នាចង់បានស្ថេរភាពនយោបាយ ដូច្នេះ ការងើបឡើងវិញនូវសេ្ថរភាពសង្គម និងសេដ្ឋកិច្ច អាចនឹងធ្វើឱ្យអ្វីៗដំណើរការទៅមុខប្រកបដោយសុវត្ថិភាព និងផ្លែផ្កា។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះលោក ប្រាយុទ្ធ ចាន់អូចា កំពុងឈរនៅទីតាំងមានសុវត្ថិភាពមួយ ដោយសារតែលោកមិនបានចេញបញ្ជាឱ្យបង្រា្កបក្រុមបាតុករ ឬក៏ចាត់វិធានការ ណាមួយដែលអាចនឹងនាំឱ្យស្ថានការណ៍កាន់តែមានសភាពធ្ងន់ធ្ងរឡើង នោះទេ។ មិនតែប៉ុណ្ណោះ លោកថែមទាំងធានាទៀតផងថា ការសម្រេចចិត្តអូសបន្លាយការដាក់ប្រទេស ក្នុងគ្រាអាសន្នរហូតដល់ចុងខែសីហា នឹងត្រូវអនុវត្តដោយអាជ្ញាធរសុខាភិបាលតែមួយគត់។ ទោះជាយ៉ាងនេះក្ដី អ្វីៗអាចនឹងប្រែប្រួលអាស្រ័យទៅលើថាតើក្រុមបាតុករនឹងធ្វើ បាតុកម្មដល់កម្រិតណា បន្ទាប់ពីពួកគេបានព្រមានថានឹងប្រមូលផ្ដុំកម្លាំងធ្វើបាតុកម្មតវ៉ាកាន់តែធំ ប្រសិនបើសំណើរបស់ពួកគេមិនត្រូវបានទទួលយកនៅត្រឹមថ្ងៃទី០១ ខែសីហា។

សំណើទាំងនោះរួមមាន ការទាមទារឱ្យលោកប្រាយុទ្ធ ចុះចេញពីតំណែង,រំលាយសភា, តាក់តែងរដ្ឋធម្មនុញ្ញថ្មីមួយ, សមាជិកព្រឹទ្ធសភាទាំង២៥០នាក់ ត្រូវលាលែងពីតំណែង និងរៀបចំការបោះឆ្នោតជាថ្មីនៅក្រោមរដ្ឋធមនុញ្ញថ្មីជាដើម៕

ប្រភព៖ CNA (ថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០)