(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ប្រទេសចិន បានសម្តែងការប្រឆាំងជាថ្មី ទៅនឹងទង្វើលូកលាន់កិច្ចការសមុទ្រចិនខាងត្បូង ពីសំណាក់សហរដ្ឋអាមេរិក ដោយទីក្រុងប៉េកាំងបានណែនាំថា «សមុទ្រចិនខាងត្បូងមិនមែនជា កោះហាវ៉ៃរបស់សហរដ្ឋអាមេរិកនោះទេ»។

 

២៖ អាជ្ញាធរចិននៅថ្ងៃពុធនេះបានគូសបញ្ជាក់ថា ទីប្រជុំកោះតាវយុ (Diaoyu) គឺជាទឹកដីរបស់ចិន និងមានតែចិនទេ ដែលមានសិទ្ធិធ្វើសកម្មភាពអនុវត្តច្បាប់ នៅក្នុងតំបន់ជុំវិញទីប្រជុំកោះនោះ។

 

៣៖ បេសកកម្មស្រាវជ្រាវភពអង្គាររបស់ចិន ធានវិន-១ (Tianwen-1) បានផ្តិតយករូបភាពភពផែនដីមួយចំណិត និងព្រះច័ន្ទមួយចំណិតជាពណ៌ស-ខ្មៅ ពីរយៈចម្ងាយ ១.២លានគីឡូម៉ែត្រ។

 

៤៖ ក្រសួងសុខាភិបាលឥណ្ឌា បានឱ្យដឹងនៅថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០នេះថា ចំនួនអ្នកឆ្លង COVID-19 សរុបនៅប្រទេសរបស់ខ្លួនបានកើនលើស ១.៥លាននាក់ ហើយ។

 

៥៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១០១ករណីបន្ថែម នៅក្នុងរយៈពេលពេញមួយ ថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនច្រើនបំផុត មិនធ្លាប់កើតមានប៉ុន្មានខែមកហើយ។

 

៦៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ( Lee Hsien Loong) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោកពិតជាមានក្តីបារម្ភជាខ្លាំង ជុំវិញភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិននាពេលបច្ចុប្បន្ន ហើយស្ថានភាពបែបនេះ ទំនងជានឹងបន្តអូសបន្លាយរហូតដល់ ក្រោយបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំនេះថែមទៀតផង៕