(សិង្ហបុរី)៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង ( Lee Hsien Loong) បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោកពិតជាមានក្តីបារម្ភជាខ្លាំង ជុំវិញភាពតានតឹងរវាងសហរដ្ឋអាមេរិក និងប្រទេសចិននាពេលបច្ចុប្បន្ន ហើយស្ថានភាពបែបនេះ​ទំនងជានឹងបន្តអូសបន្លាយរហូតដល់ ក្រោយបោះឆ្នោតប្រធានាធិបតីអាមេរិក​នៅឆ្នាំនេះថែមទៀតផង។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

លោក លី សៀនឡុង បានបង្ហាញក្តីបារម្ភបែបនេះ នៅក្នុងកិច្ចពិភាក្សាដែលបានរៀបចំឡើង​ដោយក្រុមប្រឹក្សាអាត្លង់ទិក (Atlantic Council) មានមូលដ្ឋាននៅអាមេរិក តាមរយៈប្រព័ន្ធអនឡាញកាលពីថ្ងៃម្សិលមិញនេះ។ នៅពេលដែលអ្នកសម្របសម្រួលកម្មវិធីបានសួរលោក លីក ថាតើលោករំពឹងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន នឹងល្អប្រសើរឡើងវិញទេ ក្រោយពីការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិការខាងមុខ? នាយករដ្ឋមន្ត្រីរូបនេះ បានឆ្លើយយ៉ាងដូច្នេះថា «ខ្ញុំសង្ឃឹមបែបនេះ។ ជាប្រវត្តិសាស្ត្រទៅហើយ នៅពេលការបោះឆ្នោតប្រធានាធិបតី ខិតជិតមកដល់ ទំនាក់ទំនងអាមេរិក-ចិន តែងតែជួបភាពល្អក់កករជានិច្ច»

ប៉ុន្តែទោះជាយ៉ាងនេះក្តី លោក លី បានសង្កត់ធ្ងន់ថា «ខ្ញុំមិនច្បាស់ថា តើវានឹងកើតឡើងនៅពេលនេះ ឬអត់ទេ ពីព្រោះស្ថានការណ៍នាពេលបច្ចុប្បន្ន គឺខុសគ្នាទាំងស្រុង ដ្បិតគណបក្សធំៗទាំងពីររបស់សហរដ្ឋអាមេរិក បានចាត់ទុកប្រទេសចិន គឺជាការគំរាមកំហែងមួយមិនធម្មតា... ហើយខ្ញុំបារម្ភថា ភាពល្អក់កករនេះនឹងត្រូវអូសបន្លាយ រហូតក្រោយបោះឆ្នាតរួចទៀត ក៏អាចថាបាន»

គួរជម្រាបថា ភាពតានតឹងរវាងមហាអំណាចពិភពលោកទាំងពីរ គឺសហរដ្ឋអាមេរិក និងចិនមួយរយៈពេលចុងក្រោយនេះ បានឡើងដល់កម្រិតកំពូល ដែលធ្វើសហគមន៍អន្តរជាតិព្រួយបារម្ភជាខ្លាំង។ ទីក្រុងវ៉ាស៊ីនតោន បានបញ្ជាឲ្យបិទស្ថានកុងស៊ុលចិនប្រចាំនៅក្នុងទីក្រុង ហួស្តុន (Houston) ក្រោមហេតុផលថា ដើម្បីការពារកម្មសិទ្ធិបញ្ញា និងព័ត៌មានឯកជនរបស់ប្រជាជនអាមេរិក ពីការលួចស៊ើបការណ៍ពីសំណាក់ទីក្រុងប៉េកាំង កាលពីថ្ងៃ២៣ ខែកក្កដាកន្លងទៅនេះ។ ជាការឆ្លើយតប ទីក្រុងប៉េកាំងក៏បានសម្រេច បិទអគ្គស្ថានទូតអាមេរិកវិញ ដែលស្ថិតនៅទីក្រុងឆឹងទូ (Chengdu) នៃខេត្តស៊ីឈាន់៕