(ប៉េកាំង)៖ បេសកកម្មស្រាវជ្រាវភពអង្គាររបស់ចិន ធានវិន-១ (Tianwen-1) បានផ្តិតយករូបភាពភពផែនដីមួយចំណិត និងព្រះច័ន្ទមួយចំណិតជាពណ៌ស-ខ្មៅ ពីរយៈចម្ងាយ ១.២លានគីឡូម៉ែត្រកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ CTGN នៅរសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

ការថតរូបខាងលើនេះ ត្រូវបានធ្វើឡើងតាមរយៈកាមេរ៉ាចង្អុលទិស (optical navigation sensor) ដែលមានបំពាក់លើ Tianwen-1 ខណៈដែលវាកំពុងឆ្ពោះទៅភពអង្គារ នៅក្នុងរយៈចម្ងាយធ្វើដំណើររហូតដល់ទៅខ្ទង់ ៤០០លានគីឡូម៉ែត្រ។ រូបភាពដែលត្រូវបានថតកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ គឺមិនទាន់ត្រូវបានកែតម្រូវជាពណ៌ធម្មជាតិនោះឡើយ។

បច្ចុប្បន្ននេះបេសកកម្ម Tianwen-1 ជាប្រវត្តិសាស្ត្ររបស់ចិន ទៅកាន់ភពព្រះអង្គារ កំពុងស្ថិតក្នុងការគ្រប់គ្រងដោយ មជ្ឈមណ្ឌលគ្រប់គ្រងអវកាសប៉េកាំង (BACCC) និង បណ្ឌិតសភាបច្ចេវិទ្យាអវកាសចិន (CAST)។

គួរបញ្ជាក់ថា ចង្កោមយានអវកាស ធានវិន-១ (Tianwen-1) ត្រូវបានបាញ់បង្ហោះចេញពីមូលដ្ឋាន វិនឆាង (Wenchang) ស្ថិតនៅលើខេត្តដីកោះហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិនហើយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២០។ បេសកកម្ម Tianwen-1 ដែលមាន ផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ, ជើងទម្រសម្រាប់ចុះចត និងរ៉ូបូតសម្រាប់ចល័តលើផ្ទៃដីភពអង្គារនោះ ត្រូវបានដឹកនាំដោយគ្រាប់រ៉ុក្កែត Long March-5 Y4 របស់ចិនទៅកាន់ទីអវកាស ហើយវានឹងត្រូវការពេលចាប់ពី ៦-៧ខែឯណោះ ទើបអាចធ្វើដំណើរទៅដល់ភពអង្គារ ដែលអាចនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេសចិនមានមហិច្ឆតាស្រាវជ្រាវអំពីធនធាន ដែលមាននៅក្នុងដីរបស់ភពអង្គារ ហើយនេះជាមហិច្ឆតាធំបំផុតមួយ បន្ទាប់ពីការទទួលជោគជ័យជាច្រើន ពីបេសកកម្មឆាងអឺ (Changé) លើឋានព្រះច័ន្ទនាប៉ុន្មានឆ្នាំកន្លងមកនេះ។

ដោយឡែកអាមេរិក ក៏គ្រោងបាញ់បញ្ជូនយានថ្មីឈ្មោះ ភើសេវើរិនស៍ (Perseverance) ទៅកាន់ភពអង្គារនៅថ្ងៃទី៣០ ខែកក្កដា ខាងមុខនេះផងដែរ ក្រោយអេមីរ៉ាត់អារ៉ាប់រួមបានបាញ់បង្ហោះយាន-ផ្កាយរណប Amal ដោយជោគជ័យកាលពីថ្ងៃទី២០ ខែកក្កដា ដើម្បីស្រាវជ្រាវបរិយាកាសភពអង្គារ ហើយយានទាំងបីគ្រឿងនេះ គ្រោងនឹងហោះទៅភពក្រហមនោះនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ ដូចៗគ្នាតែម្តង៕