(ប៉េកាំង)៖ ប្រទេសចិនកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានសម្តែងការប្រឆាំងជាថ្មី​ទៅនឹងទង្វើលូកលាន់កិច្ចការសមុទ្រចិនខាងត្បូង ពីសំណាក់សហរដ្ឋអាមេរិក ដោយទីក្រុងប៉េកាំងបានណែនាំថា «សមុទ្រចិនខាងត្បូងមិនមែនជា​កោះហាវ៉ៃរបស់សហរដ្ឋអាមេរិកនោះទេ»។ នេះបើតាមការដកស្រង់ព័ត៌មានពី CGTN នារសៀលថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

លោក វ៉ាង វិនពីន (Wang Wenbin) អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីឆ្លើយតបទៅនឹងពាក្យសម្តីរបស់​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលបានវាយប្រហារចិនត្រង់ៗថា «ចិនកំពុងតែគ្រប់គ្រងអធិបតេយ្យ​នៅក្នុងដែនទឹក (សមុទ្រចិនខាងត្បូង) បន្តិចម្តងៗ។ សមុទ្រចិនខាងត្បូង មិនមែនជាអាណាចក្រដែនសមុទ្រ នៃប្រទេសចិននោះទេ»

ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក លោក វ៉ាង បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិនមិនដែលបង្កើនការអះអាង ទៅលើអធិបតេយ្យភាពសមុទ្រខាងត្បូងនោះឡើយ។ ចិននៅតែរក្សាការគោរពជានិច្ច ចំពោះច្បាប់អន្តរជាតិ ខណៈដែលតួនាទីរបស់ចិន​នៅតំបន់នេះ តែងតែដើរស្របគ្នាជានិច្ច។ ចិនតែងតែធ្វើការងាររួមគ្នា ដើម្បីដោះស្រាយជម្លោះតាមរយៈកិច្ចចរចា ដោយមានការចូលរួមពីគ្រប់ភាគីទៅអស់»

គួរបញ្ជាក់ថា ក្រៅពីការតបតទៅកាន់ពាក្យសម្តី នៃរដ្ឋមន្ត្រីការបរទេសអាមេរិក ចិនក៏បានចាត់ទុកផងដែរថា ការចល័តក្បួននាវាពិឃាតអាមេរិកដូចជា USS Nimitz និង USS Ronald Reagan មកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅតំបន់សមុទ្រចិនខាងត្បូងនោះ គឺជាការបង្កហេតុ និងធ្វើឲ្យស្ថានការណ៍ក្នុងតំបន់នេះ កាន់តែតានតឹងខ្លាំងឡើងៗ។ ចិនបានអំពាវនាវជាថ្មីឲ្យសហរដ្ឋអាមេរិក​ឈប់ប្រើប្រាស់សមុទ្រចិនខាងត្បូង ជាលេសបង្កើតជម្លោះក្នុងតំបន់ ដើម្បីប្រឆាំងចិនតទៅទៀត៕