(សៀងហៃ)៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃពុធនេះថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១០១ករណីបន្ថែម នៅក្នុងរយៈពេលពេញមួយថ្ងៃអង្គារម្សិលមិញ ដែលជាចំនួនច្រើនបំផុត​មិនធ្លាប់កើតមានប៉ុន្មានខែមកហើយ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីៗខាងលើនេះ ៩៨ករណីបានឆ្លង COVID-19 ក្នុងស្រុក ចំណែកឯ ០៣ករណីទៀតជាករណីនាំចូលពីបរទេស ហើយក្នុងករណីឆ្លងថ្មីទាំងនេះអ្នកជំងឺ ២៧នាក់មិនមានចេញរោគសញ្ញានោះទេ។

តាមរយៈវិធានការរឹតត្បិតរួមមាន ការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរទាំងអស់, ការអនុវត្តគម្លាតសុវត្តិភាព, កម្មវិធីធ្វើតេស្តរក COVID-19 ទ្រង់ទ្រាយធំ និងជាពិសេសការបិទទីក្រុងទាំងមូល ប្រទេសចិនអាចគ្រប់គ្រង​ការឆ្លងរីករាលដាលនៃវីរុសនេះ​បានយ៉ាងជោគជ័យ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ការផ្ទុះឡើងវិញបានបង្កឲ្យមានការព្រួយបារម្ភជាខ្លាំង។

មន្ត្រីសុខាភិបាលនៅទីក្រុង ដាលាន (Dalian) បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ខ្លួននឹងធ្វើតេស្តរក COVID-19 ទៅលើប្រជាជនទាំងអស់ចំនួន ៦លាននាក់ក្នុងរយៈពេល ០៤ថ្ងៃ ហើយគិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ យើងបានប្រមូលសំណាកពីប្រជាជនចំនួន ១.៦៨លាននាក់។

ដោយឡែកអាជ្ញាធរខេត្តហ្វូចៀន (Fujian) បានថ្លែងថា ពេលនេះខេត្តទាំងមូលកំពុងស្ថិតក្នុងភាពប្រកាសអាសន្ន បន្ទាប់ពីខ្លួនបានរកឃើញអ្នកជំងឺមិនមានរោគសញ្ញា ដែលបានធ្វើដំណើរពីទីក្រុង Dalian។ គិតត្រឹមថ្ងៃអង្គារ៍ម្សិលមិញ ប្រទេសចិនមានករណីឆ្លងសរុបចំនួន៨៤,០៦០ករណី ក្នុងនោះ ៤,៦៣៤នាក់បានស្លាប់ និងជាង ៧៨,០០០នាក់ជាសះស្បើយ៕