(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា (Moderna) បាននិយាយថា ការធ្វើតេស្ដវ៉ាក់សាំង COVID-19 របស់ខ្លួន បានជំរុញសកម្មភាពប្រព័ន្ធភាពសុំា ក្នុងការប្រឆាំងក៏ដូចជាការពារ​ការឆ្លងជំងឺមួយនេះ នៅក្នុងសិក្សាស្រាវជ្រាវមួយនៅលើសត្វស្វា។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ក្រុមហ៊ុន Moderna បានឱ្យដឹងទៀតថា វ៉ាក់សាំងប្រភេទ MRNA-1273 ដែលត្រូវបានធ្វើតេស្ដលើសត្វស្វា បានបង្ហាញពីលទ្ធផលដ៏ប្រសើរ ដោយវាអាចជាជំរុញសកម្មភាពប្រព័ន្ធភាពសុំា ប្រឆាំងនឹងការឆ្លងជំងឺទៅសួតតាមរយៈច្រមុះ ហើយក៏អាចបង្ការការរលាកសួតផងដែរ។

គួរជម្រាបថា ខណៈការធ្វើតេស្ដវ៉ាក់សាំង COVID-19 លើសត្វមានលទ្ធផលល្អប្រសើរ ក្រុមហ៊ុន Moderna បានចាប់ផ្ដើមលើធ្វើតេស្ដលើមនុស្ស ដែលចូលដល់តំណាក់កាលចុងក្រោយដ៏សំខាន់មួយផងដែរ។ វ៉ាក់សាំង RNA របស់ក្រុមហ៊ុន Moderna ត្រូវធ្វើតេស្ដលើអ្នកស្ម័គ្រចិត្ត ៣០,០០០នាក់ ហើយក្រុមហ៊ុនក៏រំពឹងដែរថា វ៉ាក់សាំងអាចនឹងរួចរាល់នៅចុងឆ្នាំ២០២០នេះ៕