(រីយ៉ូ)៖ ប្រទេសប្រេស៊ីលបានរាយការណ៍ថា មនុស្សចំនួន ៩២១នាក់បន្ថែមទៀត បានបាត់បង់ជីវិតដោយសារជំងឺ COVID-19 នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនមនុស្សស្លាប់សរុប កើនឡើងដល់ ៨៨,៥៣៩នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី២៩ ខែកក្កដា ឆ្នាំ២០២០។

ក្រៅពីចំនួនមនុស្សស្លាប់យ៉ាងច្រើនគំហុកបន្ថែមទៀតនេះ ចំនួនករណីឆ្លងថ្មីៗ ៤០,៨១៦នាក់ទៀតក៏ត្រូវបានរកឃើញផងដែរ នាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសធំជាងគេ ក្នុងតំបន់អាមេរិកឡាទីនមួយនេះ កើនឡើងដល់ ២,៤៨៣,១៩១ករណី។ ប្រេស៊ីលនៅតែជាប្រទេស រងគ្រោះធ្ងន់ធ្ងរបំផុតដោយសារ COVID-19 លំដាប់លេខ ២ លើលោក បន្ទាប់ពីសហរដ្ឋអាមេរិកទាំងទៅលើចំនួនករណីឆ្លង និងស្លាប់។

គួរបញ្ជាក់ថា រដ្ឋដែលបានទទួលរងគ្រោះដោយសារតែ COVID-19 ធ្ងន់ធ្ងរជាងគេនៅប្រេស៊ីលមានដូចជា សៅប៉ូឡូរ៉ាប់រងករណីឆ្លងជាង ៤៨៧,០០ករណី (ស្លាប់ ២១,៦០០នាក់), ទីក្រុងរីយ៉ូជិត ១៦០,០០០ករណី (ស្លាប់ជាង ១៣,០០០នាក់) និងរដ្ឋស៊ីរ៉ាជាង ១៦៥,០០០ករណី (ស្លាប់ជាង ៧,៦០០នាក់)៕