(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការប្រកាសកាត់ទោសដាក់ពន្ធនាគារ១២ឆ្នាំ និងពិន័យប្រាក់៤៩.៣៨លានដុល្លារអាមេរិក ពីបទប្រព្រឹត្តិអំពើពុករលួយលុយរដ្ឋ។

២៖ នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលចិនបានលើកឡើងថា ខ្លួនសង្ឃឹមថាសហរដ្ឋអាមេរិក អាចបង្ហាញភាពបត់បែនក្នុងការដោះស្រាយ ស្ថានភាពជាប់គាំងនៅឯឧបទ្វីបកូរ៉េ ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

៣៖ នៅថ្ងៃអង្គារនេះ ប្រទេសចិនបានប្រកាសព្យួរសន្ធិសញ្ញាពាក់ព័ន្ធការធ្វើបត្យាប័នរបស់ទីក្រុងហុងកុង ជាមួយកាណាដា អូស្រ្តាលី និងចក្រភពអង់គ្លេស បន្ទាប់ពីប្រទេសទាំង៣ បានធ្វើការសម្រេចចិត្តបែបនេះមុន។

៤៖ ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌាបានរាយការណ៍នាថ្ងៃអង្គារនេះថា មានអ្នកស្លាប់ថ្មីៗដោយសារកូវីត១៩ចំនួន៦៥៤នាក់ និងអ្នកឆ្លងថ្មីៗចំនួន ៤៧,៧០៣ករណីថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៣,៤២៥ករណី និងអ្នកឆ្លងសរុបដល់ ១,៤៨៣,១៥៦ករណី។

៥៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរ និងការដឹកជញ្ជូនសាធារណៈទាំងចេញ និងចូលទីក្រុងដាណាង (Da Nang) ដែលមានប្រជាជនរស់នៅ ១.១លាននាក់ ក្រោយពីបានរកឃើញករណីឆ្លង COVID-19 កើនឡើងដល់ ១៤ករណី។

៦៖ មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងថា សង្គ្រាមនឹងមិនអាចផ្ទុះឡើងនោះទេ ដោយសារយើងមានអាវុធនុយក្លេអ៊ែរ ដើម្បីធានានូវសុវត្ថិភាព និងអនាគតរបស់ខ្លួន ទោះបីជាមានសម្ពាធពីខាងក្រៅ និងការគំរាមកំហែងផ្នែកយោធាក៏ដោយ៕