(ញូដេលី)៖ រដ្ឋាភិបាលទីក្រុងញូដេលី គួរតែចូលរួមជាមួយចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងមហិច្ឆិតាក្ដោបក្ដាប់ពិភពលោកតែម្នាក់ឯងរបស់សហរដ្ឋអាមេរិក និងលើកកម្ពស់ ប្រជាធិបតេយ្យនីយកម្ម ព្រមទាំងភាពស្របច្បាប់នៃទំនាក់ទំនងអន្តរជាតិ។ នេះជាការលើកឡើងរបស់លោកស្រី Ji Rong ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។

លោកស្រី Ji Rong ជាអ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសឥណ្ឌា ធ្វើការកត់សម្គាល់ខាងលើ នៅថ្ងៃចន្ទសប្ដាហ៍នេះ និងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពាវនាវឱ្យអន្តរជាតិ ជាពិសេសគឺឥណ្ឌា ចូលរួមជាមួយសហរដ្ឋអាមេរិក ប្រឆាំងនឹងចិន។ ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter លោកស្រី Ji Rong បានលើកឡើងដូច្នេះថា៖ «ចិន និងឥណ្ឌា គួរតែប្រឆាំងជាដាច់ខាតនឹងរាល់សកម្មភាពដែលចង់កែប្រែឱ្យកង់ប្រវត្តិសាស្ត្រ ឱ្យវិលបញ្ជ្រាស, ប្រឆាំងនឹងមហិច្ឆិតាក្ដោបក្ដាប់ ពិភពលោក និងអំណាចនយោបាយផ្ដាច់មុខតែម្នាក់ឯង»។

លោកស្រីបន្ថែមថា ចិនបានប្ដេជ្ញាចិត្តស្វែងរកការអភិវឌ្ឍប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះៗ ជាមួយបណ្ដាប្រទេសដទៃ។ ទោះបីជាមិនបានបញ្ជាក់ចំៗ ថាប្រទេសណាកំពុងចង់គ្រប់គ្រងពិភពលោកតែម្នាក់ឯងក៏ដោយ តែគេដឹងថាលោកស្រី Ji Rong ចង់និយាយសំដៅលើសហរដ្ឋអាមេរិកតែម្ដង។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានអំពានាវឱ្យអន្តរជាតិ ជាពិសេសគឺឥណ្ឌា ចូលរួមជាមួយសហរដ្ឋអាមេរិក តាមរយៈ ការបង្កើតក្រុមចំរុះអន្តជាតិមួយប្រឆាំងនឹងចិន។ ប៉ុន្តែ ភ្លាមៗនោះដែរ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានប្រលយសម្ដីទៅវិញថា សហរដ្ឋអាមេរិក កំពុងដើរហួសបន្ទាត់សម្ព័ន្ធមិត្ត ហើយថារដ្ឋាភិបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ គួរតែរៀនធ្វើការនៅក្នុងប្រព័ន្ធពហុភាគីសកលលោក៕