(ហាណូយ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ ប្រទេសវៀតណាមបានផ្អាករាល់ជើងហោះហើរ និងការដឹកជញ្ជូនសាធារណៈទាំងចេញ និងចូលទីក្រុងដាណាង (Da Nang) ដែលមានប្រជាជនរស់នៅ ១.១លាននាក់ ក្រោយពីបានរកឃើញករណីឆ្លង COVID-19 កើនឡើងដល់ ១៤ករណី។ នេះបើតាមការចេញផ្សាយ ដោយសារពត៌មាន CNA។

សេចក្តីថ្លែងការណ៍ពីរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា រថយន្តក្រុង និងខ្សែរថភ្លើងទាំងអស់ ក៏ត្រូវបានផ្អាកមិនឲ្យចេញ-ចូល ទីក្រុងដាណាងផងដែរ។ កាលពីចុងសប្តាហ៍មុននេះ ប្រទេសវៀតណាមបានព្យាយាមទប់ស្កាត់ ការផ្ទុះករណីឆ្លង COVID-19 ក្នុងទ្រង់ទ្រាយធំនៅ Da Nang ដែលជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញ។ ចាប់តាំងពីបំរាមត្រូវបានដកចេញ កាលពីខែមេសាកន្លងទៅនេះ ភ្ញៀវទេសចរជាតិជាច្រើននាក់ ក្នុងនោះក៏មានអន្តរជាតិតិចតួចផងដែរ បានសម្រុកទៅលេង ទីក្រុងជាប់ឆ្នេរសមុទ្រមួយនេះ។

គួរបញ្ជាក់តាមរដ្ឋាភិបាលវៀតណាម បានប្រកាសកាលពីថ្ងៃចន្ទម្សិលមិញនេះថា ខ្លួនបានអនុញ្ញាតឲ្យមានការជម្លៀសមនុស្សប្រមាណ ៨០.០០០នាក់ ដែលភាគច្រើនជាភ្ញៀវទេសចរក្នុងស្រុក ចេញពីទីក្រុង Da Nang ភាគកណ្ដាលប្រទេស បន្ទាប់ពីបានរកឃើញករណីឆ្លង COVID-19 ក្នុងស្រុកដែលត្រូវបានរាយការណ៍ជាបន្តបន្ទាប់។

រដ្ឋាភិបាលទីក្រុងហាណូយ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៏មួយថា ការជម្លៀសចេញនេះនឹងចំណាយពេលយ៉ាងតិចចំនួនបួនថ្ងៃ ជាមួយក្រុមហ៊ុនអាកាសចរណ៏ក្នុងស្រុក ដែលធ្វើប្រតិបត្តិការហោះហើរប្រមាណ ១០០ជើងជារៀងរាល់ថ្ងៃពីក្រុងដាណាង ទៅក្រុងចំនួន ១១នៃប្រទេសវៀតណាម។ គិតត្រឹមថ្ងៃអង្គារនេះ ប្រទេសវៀតណាមបានរកឃើញករណីឆ្លង COVID-19 ១១ករណីថ្មីទៀត ធ្វើឲ្យចំនួនសរុបកើនដល់ ៤៣១ករណី ក្នុងនោះ ៣៦៥នាក់ជាសះស្បើយ និងគ្មានករណីស្លាប់នោះទេ៕