(ប៉ារីស)៖ យន្ដហោះចម្បាំង រ៉ាហ្វាល់ (Rafale) ចំនួន ០៥គ្រឿងក្នុងចំណោម ៣៦គ្រឿង ដែលទីក្រុងញូដេលីបានបញ្ជាទិញពីបារាំង ត្រូវបានបញ្ជូនទៅកាន់ប្រទេសឥណ្ឌាហើយ ដើម្បីដាក់ពង្រាយជាបន្ទាន់ ចំពេលកំពុងមានភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រុមហ៊ុនដាសល អេវីអេសិន (Dassault Aviation) ជាក្រុមហ៊ុនផលិតយន្ដហោះចម្បាំង Rafale បានឱ្យដឹងទៀតថា ក្រុមពីឡុតមកពីកងទ័ពអាកាសឥណ្ឌា បានបើកយន្ដហោះចម្បាំងទាំង ០៥គ្រឿងចេញពីតំបន់ មែរីកណេក (Merignac) ស្ថិតនៅភាគនិរតីប្រទេសបារាំង។ យន្ដហោះចម្បាំងទាំងនេះ នឹងហោះទៅដល់មូលដ្ឋានទ័ពអាកាស អាំបាឡា (Ambala) នៃភាគខាងជើងប្រទេសឥណ្ឌា ស្ថិតនៅចំងាយ ២០០គីឡូម៉ែត្រពីព្រំដែនចិន និងប៉ាគីស្ថាន នៅថ្ងៃពុធសប្ដាហ៍នេះ។

ក្រុមហ៊ុន Dassault Aviation ខាងលើនេះបានបន្ថែមទៀតថា យន្ដហោះចម្បាំង Rafale ទាំង ០៥គ្រឿង នឹងត្រូវចាក់សំាងនៅលើអាកាសជាច្រើនដង ហើយនឹងត្រូវឈប់សំចតនៅឯតំបន់ អាល់ ដាហ្វ្រា (Al Dhafra) ក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួមជាទីដែលបារាំង មានមូលដ្ឋានទ័ពអាកាសមួយដែរនៅទីនោះ។

លើសពីនេះទៅទៀត បារាំងក៏បានបញ្ជូនយន្ដហោះចាក់ប្រេង A330 Phenix MRTT ពីរគ្រឿង ឱ្យអមដំណើរយន្ដហោះចម្បាំង Rafale ទាំង ០៥គ្រឿងផងដែរ ដោយក្នុងនោះមានមួយគ្រឿង ផ្ទុកឧបករណ៍ដកដង្ហើម (ventilators) ចំនួន ៧០គ្រឿង, ឧបករណ៍ធ្វើតេស្ដ ១០០,០០០គ្រឿង, និងក្រុមអ្នកជំនាញសុខាភិបាល ១០នាក់ ដើម្បីជួយគាំទ្រឥណ្ឌា ក្នុងការប្រយុទ្ធប្រឆំាងនឹង COVID-19។

គួរបញ្ជាក់ថា ឥណ្ឌា បានបញ្ជាទិញយន្ដហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ក្នុងតម្លៃ ៩.៤ពាន់លានដុល្លារ ពីបារាំងកាលពីខែកញ្ញា ឆ្នាំ២០១៦ ហើយការប្រគល់នឹងត្រូវបញ្ចប់ទាំងស្រុង នៅត្រឹមឆ្នាំ២០២២៕