(វ៉ាស៊ីនតោន)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន ម៉ូឌែណា (Moderna) អាចនឹងត្រូវផលិតរួចរាល់ ហើយដាក់ឱ្យប្រើប្រាស់ជាសកលនៅចុងឆ្នាំ២០២០នេះ បន្ទាប់ពីក្រុមហ៊ុនផលិតឱសថអាមេរិកមួយនេះ បានប្រកាសពីការចាប់ផ្ដើមការវាយតម្លៃ ចំពោះការធ្វើតេស្ដវ៉ាក់សាំងលើមនុស្ស ៣០,០០០នាក់ថាតើវាមានសុវត្ថិភាព និងប្រសិទ្ធភាពដែរ ឬក៏យ៉ាងណា មុននឹងទទួលបានការអនុម័តជាផ្លូវការ។ នេះបើតាមសម្តីក្រុមមន្ត្រីអាមេរិក ដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២០។

ក្រុមហ៊ុន Moderna ដែលមិនធ្លាប់នាំចេញវ៉ាក់សាំងទៅកាន់ទីផ្សារ បានទទួលកញ្ចប់ថវិកាសរុបជិតមួយពាន់លានដុល្លារហើយ ពីរដ្ឋាភិបាលអាមេរិក ដើម្បីពន្លឿនការអភិវឌ្ឍវ៉ាក់សាំង ដែលនឹងបិទបញ្ចប់ការឆ្លងរាតត្បាត COVID-19។ នៅក្នុងសេចក្ដីប្រកាស ពីការចាប់ផ្ដើមការធ្វើតេស្ដតំណាក់កាលទី ៣ របស់ក្រុមហ៊ុន Moderna លោក ហ្វ្រាន់ស៊ីស ខូលលីនស៍ (Francis Collins) ជានាយកវិទ្យាសា្ថនជាតិសុខាភិបាលអាមេរិក បានគូសបញ្ជាក់ដូច្នេះថា «មានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព នៅចុងឆ្នាំ២០២០នេះ គឺជាគោលដៅដ៏វែងឆ្ងាយ ប៉ុន្តែពិតណាស់វាជាគោលដៅដ៏ត្រឹមត្រូវ និងជាក់លាក់សម្រាប់ប្រជាជនអាមេរិក»។ លោក Collins បានបន្ថែមថា ក្រុមហ៊ុន Moderna អាចនឹងមានវ៉ាក់សាំងរាប់រយលានកញ្ចប់ ប្រសិនបើវ៉ាក់សាំងត្រូវបានទទួលស្គាល់ថា «មានសុវត្ថិភាព និងប្រសិទ្ធភាព»។

គួរបញ្ជាក់ថា បច្ចុប្បន្នវ៉ាក់សាំងច្រើនជាង ១៥០ឯណោះ ដែលកំពុងស្ថិតនៅក្រោមការអភិវឌ្ឍ តាមតំណាក់កាលផ្សេងៗពីគ្នា ហើយក្នុងចំណោមវ៉ាក់សាំងទាំងនោះគេឃើញថា វ៉ាក់សាំងរបស់អង់គ្លេស, ចិន និងសហរដ្ឋអាមេរិក កំពុងមានការវិវត្តឈានមុខគេ។ ក៏ប៉ុន្តែទន្ទឹមគ្នា ក្រុមមន្ត្រីរុស្ស៊ីក៏ធ្លាប់បានអះអាងផងដែរថា ប្រទេសរបស់ពួកគេ អាចនឹងមានវ៉ាក់សាំងលឿនជាងការរំពឹងទុក នៅខែកញ្ញានេះក៏ថាបាន៕