(អាមេរិក)៖ មិនត្រឹមតែមានសមត្ថភាពក្នុងការជីក និងបញ្ជូនសំណាកដី ឬថ្មពីភពអង្គារ​ត្រឡប់មកផែនដីវិញទេ ដោយសូម្បីតែដុំថ្ម​ដែលខ្ទាតចេញពីភពអង្គារ​ កាលពីរាប់សែនឆ្នាំមុននោះ ក៏យានស្រាវជ្រាវ Perseverance របស់អង្គការ NASA អាចរៀបចំដឹកជញ្ជូន​ត្រឡប់ទៅកាន់ភពកំណើតរបស់វាវិញដែរ។ នេះបើតាមការដកស្រង់ព័ត៌មានពី BBC នាល្ងាចថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

ដុំថ្មភពអង្គារមួយដុំនេះមានឈ្មោះថា Sayh al Uhaymir 008 ឬហៅខ្លីថា SaU 008 ត្រូវបានរកឃើញនៅឆ្នេរសមុទ្រប្រទេសអូម៉ង់ កាលពីឆ្នាំ១៩៩៩ ដោយវាត្រូវបានគេសង្ស័យថា បានធ្លាក់មកលើភពផែនដីកាលពី ១,០០០ឆ្នាំមុននេះ និងត្រូវបានតម្កល់ទុកក្នុងសារៈមន្ទីរ​នៃទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ SaU 008 មិនមែនជាដុំថ្មតែមួយដុំនោះឡើយ ដែលត្រូវបានរកឃើញថា មានប្រភពមកពីភពព្រះអង្គារ និងត្រូវបានរកឃើញលើផែនដីយើង។

បើតាមក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក និងអឺរ៉ុប ដែលបានសិក្សារួមគ្នាកន្លងមកនេះ ដុំថ្ម SaU 008 ត្រូវបានបង្កើតឡើងកាលពី ៤៥០លានឆ្នាំមុន​នៅលើផ្ទៃភពអង្គារ ហើយក្រោយមកទៀតទើបមានអាចម៍ផ្កាយ ឬក៏ផ្កាយដុះកន្ទុយមួយបានធ្លាក់បុកភពអង្គារ ពេញមួយទំហឹងកាលពីចន្លោះ ៦០០,០០០ឆ្នាំ ទៅ ៧០០,០០០ឆ្នាំមុន។ បន្ទាប់មកទៀតបំណែកដុំថ្មនោះ បានខ្ទាតចេញភពអង្គារ រួចអណ្តែតត្រសែត​មកធ្លាក់លើផ្ទៃផែនដីកាលពី ១,០០០ឆ្នាំមុន។

គួរបញ្ជាក់ថា យានស្រាវជ្រាវភពអង្គារថ្មីរបស់អង្គការ NASA គឺ Perseverance នឹងត្រូវបាញ់បញ្ជូនចេញពីភពផែនដី នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ (ពេលវេលានៅអាមេរិក) ដើម្បីធ្វើដំណើរឆ្ពោះទៅភពអង្គារ។ យាននេះមានតួនាទីបន្ថែមពីលើយាន Curiosity ដែលកំពុងមានវត្តមានស្រាប់លើភពលោកក្រហមនោះ និងបានបំពេញប្រតិបត្តិការជាង ១០ឆ្នាំមកហើយ។

បើតាមផែនការគ្រោងទុក យាន Perseverance មានទំហំប៉ុនរថយន្តមួយគ្រឿង នឹងត្រូវចុះចតនៅក្នុងរណ្តៅ Jzero នៃអឌ្ឍគោលខាងជើងភពអង្គារ ដែលមានមុខកាត់ជិត ៥០គីឡូម៉ែត្រ។ រណ្តៅនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ធ្លាប់ជាកន្លែងស្តុកទឹកដ៏ធំមួយដែរ​នៅលើភពអង្គារ កាលពីភពនេះនៅមានបរិយាកាស និងទឹក​ស្រដៀងៗនឹងផែនដី​កាលពីរាប់ពាន់លានឆ្នាំមុន ហើយក៏អាចជាកន្លែងដែលក្រុមអ្នកវិទ្យាសាស្ត្រ អាចរកឃើញដាននៃជីវិត ដែលធ្លាប់មានកើតមានលើភពនោះផងដែរ៕