(ឈីងតាវ)៖ យន្តហោះធុនធំប្រភេទ AG600 ដែលអាចចុះចតទាំងលើដី និងផ្ទៃទឹករបស់ចិន បានទទួលជោគជ័យក្នុងការហោះហើរសាកល្បងរបស់ខ្លួន នៅលើសមុទ្រនៃទីក្រុងឈីងតាវ (Qingdao) ខេត្តសានទុង (Shandong) ហើយ កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិនហៅកាត់ថា AVIC បានឱ្យដឹងថា យន្ដហោះ AG600 នេះបានធ្វើការហោះឡើងពីសមុទ្រ នៃទីក្រុងឈីងតាវ កាលពីវេលាម៉ោង ១០៖១៨នាទីព្រឹកថ្ងៃអាទិត្យ ហើយបានបញ្ចប់ការហោះហើរសាកល្បងប្រហែល ៣១នាទីបន្ទាប់។

គួរបញ្ជាក់តាមក្រុមហ៊ុន AVIC ទៀតថា ការហោះហើរសាកល្បងនេះ គឺជាជំហានបន្ទាប់ ក្នុងការអភិវឌ្ឍយន្ដហោះប្រភេទនេះ បន្ទាប់ពីធ្លាប់ធ្វើការហោះហើរសាកល្បងកាលពីឆ្នាំ២០១៧ និង២០១៨ រួចមកហើយ។ ក្រៅពីការអភិវឌ្ឍយន្តហោះអាចចុះចត និងហោះឡើងពីផ្ទៃទឹកវិញនេះ ចិនក៏កំពុងធ្វើតេស្តយន្តហោះដឹកអ្នកដំណើរ ធុនមធ្យមដំបូងរបស់ខ្លួនផងដែរ នោះគឺយន្តហោះ C919៕