(បាងកក)៖ ក្រុមយុវជន និងយុវតីថៃរាប់រយនាក់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានបន្តប្រមូលផ្តុំគ្នានៅឯវិមានប្រជាធិបតេយ្យក្រុងបាងកក ដើម្បីធ្វើបាតុកម្មតវ៉ា ទាមទាឲ្យរំលាយរដ្ឋាភិបាល និងសភាជាតិ ដោយពួកគេបាននាំគ្នាច្រៀងចម្រៀងរបស់ ហាំថារ៉ូ (Hamtaro) ជាតួអង្គគំនូរជីវចលដ៏ពេញនិយមរបស់ជប៉ុន ដែលជាការបង្ហាញពីគំនិតច្នៃប្រឌិតថ្មីបំផុត របស់ចលនាគាំទ្រលិទ្ធប្រជាធិបតេយ្យ ដែលទើបតែបានរះឡើងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី២៧ ខែកក្កដា ឆ្នាំ២០២០។

យុវជនថៃបានប្រឆាំងនឹងការហាមប្រាម ការប្រមូលផ្តុំគ្នារបស់រដ្ឋាភិបាល ដោយបានធ្វើការជួបជុំគ្នាស្ទើរតែរាល់ថ្ងៃ ដើម្បីសម្តែងការប្រឆាំងតវ៉ ចំពោះរដ្ឋាភិបាលចាប់តាំងពី ថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមកម្ល៉េះ។ ក្រុមអ្នកបាតុករទាំងនោះ បានប្រើប្រាស់វិធីសាស្ត្រត្រខុសៗប្លែកពីគ្នា ដើម្បីធ្វើបាតុកម្ម។

ជាក់ស្តែងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ នៅឯវិមានប្រជាធិបតេយ្យក្រុងបាងកក ក្រុមយុវជន និងយុវតីថៃរាប់រយនាក់បានជ្រើសរើសយកវិធីសាស្ត្រដ៏ថ្មីសន្លាង ដើម្បីធ្វើបាតុកម្ម។ ពួកគេបាននាំគ្នារត់ជុំវិញវិមានប្រជាធិបតេយ្យ ដើម្បីជានិមិត្តរូបបង្ហាញពីគោលនយោបាយរបស់រដ្ឋាភិបាលថៃ ដែលបានដើរជាន់ដានខ្លួនឯង ម្តងហើយម្តងទៀតក្នុងការសាងកំហុស។

ទន្ទឹមនឹងនោះ ក្រុមបាតុករវ័យក្មេងទាំងនោះ ក៏បាននាំគ្នាច្រៀងទំនុកចម្រៀង «Hamtaro» ដែលជារឿងគំនូរជីវចលដ៏ពេញនិយមរបស់ជប៉ុន ដែលនិយាយអំពីតួរអង្គ ហាំស្ទើរ (hamster) ដែលចូលចិត្តញាំគ្រាប់ផ្កាឈូករ័ត្ន ក្នុងន័យប្រៀបប្រដូចរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អ៊ូចា ទៅនឹងតួរអង្គមួយនេះ ដែលស្រែកឃ្លានស៊ីសាច់ប្រាក់បង់ពន្ធរបស់ពលរដ្ឋថៃ។ ពួកគេបានច្រៀងយ៉ាងដូច្នេះថា «អាហារដែលឆ្ងាញ់ជាងគេ គឺលុយរបស់អ្នកបង់ពន្ធ... រំលាយសភា... រំលាយសភា... រំលាយសភា»

យុវតីវ័យ ២៧ឆ្នាំម្នាក់ ដែលបានចូលរួមក្នុងបាតុកម្មខាងលើនេះ បានសម្តែងចំណាប់អារម្មណ៍យ៉ាងដូច្នេះថា «ខ្ញុំចង់បានអនាគតមួយ ដែលមនុស្សម្នាអាចប្រយុទ្ធដើម្បីប្រជាធិបតេយ្យ... យើងត្រូវការសេរីភាពក្នុងការប្រយុទ្ធ ពីព្រោះរដ្ឋាភិបាលនេះ តែងតែវាយប្រហារមនុស្សគ្រប់គ្នា ដែលមិននៅខាងពួកគេ»

បាតុករវ័យ ២០ឆ្នាំម្នាក់ទៀត ដែលជាបានដាក់ឈ្មោះខ្លួនឯងថា ហ្វា (Fah) បាននិយាយយ៉ាងដូច្នេះថា «មនុស្សចាស់អាចគិតថា យើងធ្វើដូច្នេះជារឿងអត់ប្រយោជន៍ តែខ្ញុំសូមបញ្ជាក់ថា នេះគឺជាវិធីសាស្ត្ររបស់មនុស្សជំនាន់ថ្មី...»

គួរបញ្ជាក់ថា បាតុកម្មនៅប្រទេសថៃ បានផ្ទុះឡើងជារឿយៗ និងកាន់តែធំឡើង នៅរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ខណៈដែលជំងឺរាតត្បាតសកល COVID-19 បានធ្វើឲ្យសេដ្ឋកិច្ចប្រទេសអាស៊ានមួយនេះ ជួបភាពលំបាកលំបិនជាខ្លាំង និងក្រោយពេលតែតុលាការថៃកាលពីឆ្នាំ២០១៩ បានសម្រេចរំលាយគណបក្សប្រឆាំងដ៏ធំមួយចោល៕