(បាងកក)៖ ក្រុមយុវជន និងយុវតីថៃជាច្រើននាក់ បានប្រមូលផ្តុំគ្នាតវ៉ា កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីទាមទារឲ្យរំលាយរដ្ឋាភិបាល និងសភាជាតិ បើទោះបីជាប្រទេសនេះ កំពុងស្ថិតនៅក្នុងបំរាម COVID-19 ដែលមិនអនុញ្ញាតឲ្យមាន ការប្រមូលផ្តុំគ្នាក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

បណ្តាញយុវជនដែលមានគ្នារាប់រយនាក់ខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា ក្រុមយុវជនសេរី (Free Youth) បានចូលរួមការតវ៉ាមួយ នៅជាយរាជធានីបាងកក ដើម្បីសម្តែងការប្រឆាំងតវ៉ាចំពោះរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូនចា ដែលបានជាប់ឆ្នោត និងដឹកនាំប្រទេសជាងមួយឆ្នាំមកហើយនេះ។

និស្សិតថៃអាយុ ២៥ឆ្នាំមួយរូបឈ្មោះ ថាណាឆៃ អឺលូឆា (Thanachai Aurlucha) បាននិយាយនៅក្នុងឱកាសជួបជុំនោះថា «ពួកយើងស្ថិតនៅទីនេះ ដើម្បីអំពាវនាវឲ្យមានរដ្ឋធម្មនុញ្ញថ្មី ព្រោះរដ្ឋធម្មនុញ្ញបច្ចុប្បន្ននេះ មិនបានការពារសិទ្ធិ និងសេរីភាពរបស់យើងនោះឡើយ។ វាគ្រាន់តែជាមរតក បន្សល់ទុកពីរដ្ឋប្រហារយោធា កាលពីឆ្នាំ២០១៤ប៉ុណ្ណោះ»

ដោយឡែកនិស្សិតថៃអាយុ ២២ឆ្នាំមួយរូបទៀតមានឈ្មោះហៅក្រៅថា ហ្វូហ្វូ (Fufu) ក៏បានអះអាងផងដែរថា «រដ្ឋាភិបាលបច្ចុប្បន្ន បានបរាជ័យក្នុងការជម្រុញសេដ្ឋកិច្ច។ យើងជិតបញ្ចប់ការសិក្សាហើយ ប៉ុន្តែយើងមិនទាន់ដឹងថា តើយើងនឹងត្រូវធ្វើអ្វី ដើម្បីលើកស្ទួយជីវិតរស់នៅរបស់យើងនោះឡើយ។ ប្រសិនបើខ្ញុំមិនចេញមកតវ៉ាថ្ងៃនេះទេ ខ្ញុំនឹងគ្មានអនាគតនោះឡើយ»

បន្ថែមពីខាងលើនេះ អ្នកតវ៉ាម្នាក់ទៀតអាយុ ៣៩ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា «ខ្ញុំចង់ឲ្យមានលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដមួយនៅក្នុងប្រទេសថៃ»

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺជាតវ៉ាមួយ បន្តពីថ្ងៃសៅរ៍សប្តាហ៍មុន ដែលមានមនុស្សម្នារហូតដល់ទៅ ២,៥០០នាក់បានចូលរួមនៅក្នុងទីក្រុងបាងកក ហើយបច្ចុប្បន្ននៅខេត្ត អាយុធ្យា, កនគែន, សាខនណាខុន និងប៉ាតតានី ក៏មានការតវ៉ាដូចៗគ្នានេះដែរ។ ការបង្ហាញមតិប្រឆាំងចំពោះលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានកើតមានឡើងជាច្រើនខែមកហើយ ចាប់តាំងពីបក្សប្រឆាំងដ៏ធំមួយក្នុងសភា ត្រូវបានតុលាការថៃសម្រេចរំលាយចោល៕