(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីទូតអាមេរិកមួយចំនួន បានចេញដំណើរឆ្ពោះទៅកាន់ ប្រទេសចិនហើយ តាមជើងហោះហើរពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងសៀងហៃ ខណៈមហាអំណាចទាំងពីរ កំពុងមានជម្លោះការទូតនឹងគ្នា បន្ទាប់ពីរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ បង្គាប់ឱ្យចិនបិទស្ថានកុងស៊ុលរបស់ខ្លួន នៅក្នុងទីក្រុងហូស្ដុន។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបានពី ក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា ជើងហោះហើរដឹកនាំមន្ត្រីទូតអាមេរិកជាច្រើនរូប បានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ឆ្ពោះទៅកាន់ទីក្រុងសៀងហៃ នៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ ប៉ុន្តែក្រសួងការបទេសអាមេរិក មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ​ជុំវិញការចុះផ្សាយព័ត៌មាននេះ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងស្វះស្វែងបញ្ជូនក្រុមមន្ត្រីទូតរបស់ខ្លួន​ទៅកាន់ប្រទេសចិនវិញ បន្ទាប់ពីពួកគេត្រូវបានជម្លៀសមកកាន់សហរដ្ឋអាមេរិក កាលពីខែកុម្ភៈកន្លងទៅ ដោយសារការឆ្លងរាតត្បាត COVID-19។ មកទល់នឹងពេលនេះ ប្រទេសចិន និងសហរដ្ឋអាមេរិក មិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយ​ពាក់ព័ន្ធនឹងការវិលត្រឡប់របស់ក្រុមមន្ត្រីទូតអាមេរិកនោះទេ ខណៈការបង្គាប់ឱ្យចិនបិទស្ថានកុងស៊ុល នៅក្នុងទីក្រុងហូស្ដុន ត្រូវបានគេមើលឃើញថា អាចជាការដាក់សម្ពាធមួយឱ្យចិន​ទទួលយកក្រុមមន្ត្រីទូតអាមេរិកវិញ។

ជុំវិញការសម្រេចចិត្តបិទស្ថានកុងស៊ុលចិន នៅក្នុងទីក្រុងហូស្ដុននេះដែរ ទីក្រុងប៉េកាំងបានព្រមានថា នឹងចាត់វិធានការសងសឹក ដោយមិនបានបញ្ជាក់អ្វីលម្អិតឡើយ។ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងចិនមួយចំនួនបានរាយការណ៍ថា ទីក្រុងប៉េកាំងកំពុងពិចារណា ឬអាចនឹងបិទស្ថានកុងស៊ុលអាមេរិកក្នុងទីក្រុងឆឹងទូ (Chengdu) ឬនៅក្នុងទីក្រុងវូហាន ជាការសងសឹកទៅនឹងសហរដ្ឋអាមេរិក៕