(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃពុធនេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះប្រទេសឥណ្ឌាបានកត់ត្រា ករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៣៧,៧២៤ករណី និងអ្នកស្លាប់ថ្មីៗចំនួន ៦៤៨នាក់បន្ថែមទៀតនៅទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០។

បើបូកបន្ថែមតួលេខថ្មីៗខាងលើនេះ ធ្វើឲ្យចំនួនករណីឆ្លងសរុប នៅទូទាំងប្រទេសបានកើនដល់ ១,១៩២,៩១៥ករណី ដោយក្នុងនោះអ្នកជំងឺសរុប ២៨,៧៣២នាក់ស្លាប់បាត់បង់ជីវិត និង ៧៥៣,០៥០នាក់ទៀត បានជាសះស្បើយឡើងវិញ។ ក្នុងន័យនេះតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្ន មានចំនួន ៤១១,១១៣នាក់។

គួរជម្រាបថា នារយៈពេលចុងក្រោយនេះ សន្ទុះនៃអត្រាអ្នកឆ្លង និងស្លាប់ប្រចាំថ្ងៃ ដោយសារ COVID-19 នៅប្រទេសឥណ្ឌា គឺមានការកើនឡើងជាលំដាប់ ហើយគ្មានសញ្ញាថា នឹងអាចថមថយនៅឡើយ ខណៈប្រទេសដែលមានចំនួនប្រជាជនប្រមាណ ១.៣ពាន់លានមួយនេះ កំពុងឈរនៅលំដាប់ថ្នាក់លេខ ៣ ក្នុងចំណោមបណ្តាប្រទេស ដែលមានចំនួនអ្នកឆ្លងច្រើនជាងគេបំផុត នៅទូទាំងសកលលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល៕